(ភ្នំពេញ)៖ តុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លើបណ្តឹងរបស់ក្រសួងមហាផ្ទៃស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើនយោបាយ ពីថ្នាក់ដឹកនាំបក្សនេះស្របតបច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារតែបក្សនេះបានឃុបឃិតជាមួយបរទេសជាលក្ខណៈប្រព័ន្ធ ក្បត់ជាតិ និងប្រជាជនកម្ពុជាតាមរយៈ ការរៀបចំផែនការសម្ងាត់ធ្វើបដិវត្តន៍ពណ៌។ ភស្តុតាងដ៏រឹងមាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ការពារបណ្តឹងខ្លួនត្រូវបានគេមើលឃើញថា ធ្វើឱ្យលទ្ធភាពនៃការសម្រេច របស់តុលាការកំពូលក្នុងការរំលាយបក្សស្ទើរតែ១០០% ព្រោះថា បក្សសង្គ្រោះជាតិបានបះបង់ការផ្តល់សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ដោយមិនដាក់ឯកសារឆ្លើយតបតាមការបញ្ជា របស់ចៅក្រមតុលាការកំពូល និងអាចមិនបញ្ជូនមេធាវីចូលក្នុងសវនាការថែមទៀតផង។ ខណៈការសម្រេចចិត្តស្ថិត នៅលើចៅក្រមនៃតុលាការកំពូលថាតើត្រូវសម្រេចរំលាយ ឬមិនរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃនោះ យើងអាចពិនិត្យមើលគុណវិបត្តិ និងគុណសម្បត្តិមួយចំនួន ដែលនឹងកើតឡើង ក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចថា ត្រូវរំលាយដោយសាតែខុសនឹងច្បាប់ស្តីពីគណបក្សនយោបាយ។
ទី១៖ គុណវិបត្តិ៖ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នឹងផ្តល់ឱកាសឱ្យជនបរទេសមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងខ្លះឃុបឃិតក្នុងការរៀបចំផែនការ បដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់ក្រោមលេសសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរួម នឹងបក្សប្រឆាំងខ្លួនឯងនឹងធ្វើយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន ដើម្បីលាបពណ៌កម្ពុជាថាជា «ប្រទេសផ្តាច់ការ គាបសង្កត់ និងបំបាត់បក្សប្រឆាំង» ជាដើម។
សមាជិកសភានិងសមាជិកព្រឹទ្ធសភា នៃប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់បក្សប្រឆាំង ដែលតំណាងឱ្យតែគោលជំហរបុគ្គលផ្ទាល់ខ្លួនមិនតំណាងឱ្យរដ្ឋាភិបាលនៃ ប្រទេសខ្លួននោះ នឹងចេញមកធ្វើសោកនាដកម្មបន្ថែមលើស្ថានភាពនយោបាយនៅកម្ពុជា ព្រមទាំងដោយអត្ថាធិប្បាយ និងបញ្ចេញទស្សនៈបែបខ្មៅងងឹត និងជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ បន្ថែមពីនេះក្រុមអ្នកនយោបាយអង្ករកំប៉ុងរត់ចោលស្រុកមួយចំនួន នឹងបានលេសដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិដើម្បីលុបលាងនូវ អំពើក្បត់ជាតិរបស់ខ្លួន និងថែមទាំងទាមទារឱ្យបរទេសដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជាថែមទៀត។
ការរំលាយគណបក្សសង្គ្រោះជាតិ ក៏នឹងជាឱកាសមួយសម្រាប់បក្សប្រឆាំង ធ្វើការពង្រឹងនូវគោលនយោបាយបីរបស់ខ្លួន គឺកុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគទុននិងកុំទិញទំនិញ ពីកម្ពុជា។ បើសិនជាបរទេស ដែលនៅពីក្រោយខ្នងផែនការ បដិវត្តន៍ ពណ៌របស់បក្សប្រឆាំងប្រកាន់វិធានការសងសឹកមកលើកម្ពុជា ជូន កឹម សុខា កូនចឹងរបស់់ខ្លួនដែលកំពុងជាប់គុក និងបក្សប្រឆាំងទាំងមូលដោយវិធានការណាមួយ នោះគឺជាការសម្រេចបែបកំហឹងមួយប្រឆាំងនឹងឆន្ទៈពិតរបស់ប្រជាជនកម្ពុជាប្រឆាំងនឹងច្បាប់របស់កម្ពុជា ដែលជារដ្ឋឯកររាជ្យ និងអធិបតេយ្យមួយ។
ទាំងអស់នេះជាគុណវិបត្តិមួយចំនួនសម្រាប់ជាតិនិងប្រជាជនកម្ពុជា នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ប៉ុន្តែវាជាជោគជ័យដ៏មហិមារបស់បក្សប្រឆាំង ហើយពួកគេគួរទទួលបានមេដៃមាសក្បត់ជាតិ និងបំផ្លាញជាតិយ៉ាង ពិតប្រាកដហើយមេដៃទាំងនេះ គួរទៅទទួលយកនៅពន្ធនាគារព្រៃស ឬពន្ធនាគារណាមួយទៀតសមស្របសម្រាប់ពួកគេ។ តើកម្ពុជារុញរាចំពោះគុណវិបត្តិទាំងនេះទេ? ចម្លើយគឺពិតជាមិនរុញរាឡើយ ហើយសូម្បី តែទណ្ឌិត សម រង្ស៊ី ដែលពីមុនខិតខំព្យាយាមគ្រប់គ្រង សតិអារម្មណ៍របស់សមាជិកបក្សសង្គ្រោះជាតិដោយអំពាវនាវថា នឹងមិនមានការរំលាយគណបក្ស ប៉ុន្តែទីបំផុតក៏បានគាំទ្រ និងបានជំរុញឱ្យមានការរំលាយគណបក្សប្រឆាំងនេះ ឱ្យបានឆាប់ថែមទៀត។ គោលជំហរដែលធ្វើឱ្យសមាជិកបក្សសង្គ្រោះជាតិវាយតម្លៃថា សម រង្ស៊ី កំពុងតែមានជំងឺផ្លូវ ចិត្តធ្ងន់ធ្ងរ និងភ័យស្លន់ស្លោរចំពោះការរំលាយគណបក្សខាងមុខ ខណៈខ្លួនបរាជ័យក្នុងការធ្វើបក្សប្រហារតាមរយៈ ការប្រកាសថា អ្វីៗដែល កឹម សុខា សម្រេចក្នុងនាមជាប្រធានមិនគោរពគោលការណ៍កង់សង់ស៊ីសគឺមិនមានតម្លៃ និងបានអំពាវនវឱ្យសមាជិកបក្សសង្គ្រោះជាតិទាំងអស់កុំចាត់ទុកការសម្រេចណាមួយរបស់ កឹម សុខា កំពុងតែជាប់ ឃុំក្នុងគុកត្រពាំងផ្លុងនេះមិនមែនជាការសម្រេចត្រឹមត្រូវឡើយ។ តើការរំលាយបក្សសង្គ្រោះជាតិចោល មានគុណសម្បត្តិអ្វីខ្លះ?
ទី២៖ គុណសម្បត្តិ៖ ការសម្រេចណាមួយរបស់តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើនយោបាយបានផ្តល់នូវគុណសម្បត្តិជាច្រើន សម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយក៏ជាការទះកំផ្លៀងដល់ជនក្បត់ជាតិថាទោះបីជាអ្នកខិតខំព្យាយាមខ្លួនឯងផង និងអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏មិនអាចទទួលបានជ័យជម្នះឡើយព្រោះប្រជាជនកម្ពុជាភាគច្រើនបានគាំទ្រលើដំណើរការប្រឆាំងនឹងក្រុមជនក្បត់ជាតិ និងមានភាពត្រឹមត្រូវតាមគ្រប់ទិដ្ឋភាពច្បាប់។ គុណសម្បត្តិខាន់រួមមាន៖
ក៖ ការពារសន្តិភាព និងការអភិវឌ្ឍ៖ សន្តិភាពពេញលេញនៅកម្ពុជា រួមនឹងការអភិវឌ្ឍដែលកំពុងមាននេះគឺ គ្មានការចូលរួមរបស់បក្សប្រឆាំងឡើយគឺជាស្នាដៃ នៃប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។ បក្សប្រឆាំងបានត្រឹមតែយកជើងរាទឹក ធ្វើប្រជាភិថុតនិងបោកប្រាស់ប្រជាជនកម្ពុជា និងបានឃុប ឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមផែនការសម្ងាត់បដិវត្តន៍ពណ៌នៅកម្ពុជា។ ដើម្បីធ្វើ ឱ្យចៅហ្វាយនាយបរទេសរបស់ខ្លួនសប្បាយចិត្ត សម រង្ស៊ី និងកឹម សុខា ព្រមទាំងសមាជិកជាន់ខ្ពស់របស់ខ្លួនជាង ១០០នាក់ផ្សេងទៀតសុខចិត្តឱនក្បាលបម្រើបរទេស និងយកសន្តិភាព ឯករាជភាព បូរណភាពដែនដីកម្ពុជាទៅជាន់ឈ្លី និងដាក់ក្រោមបាតជើងជនបរទេសខ្លះ។ ដូច្នេះ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការពារឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ និងប្រឆាំងរាល់ការប៉ុនប៉ងបំផ្លាញជាតិ សន្តិភាព និងការអភិវឌ្ឍទាំងឡាយពីក្រុមជនវង្វេងជាតិមួយចំនួន។
ខ៖ ការពារឆន្ទៈ និងសិទ្ធិម្ចាស់ឆ្នោត៖ ប្រជាជនម្ចាស់ឆ្នោតដែលបោះឆ្នោតជូនគណបក្សណាមួយ គឺដើម្បីបក្សនោះមានឱកាសបម្រើជាតិ និងប្រជាជនប៉ុន្តែសម្រាប់អ្នកគាំទ្រ បក្សសង្គ្រោះជាតិហាក់ដូចជា បាត់បង់ជំនឿទុកចិត្តលើបក្ស នេះបន្ទាប់ពីភ័ន្តច្រឡំ ដោយសារតែការឃោសនាបោកប្រាស់របស់សមាជិកបក្ស ជាពិសេសមេដឹកនាំបក្ស សម រង្ស៊ី និងកឹម សុខា។ បក្សសង្គ្រោះជាតិទទួលបានអាសនៈ៥៥ ក្នុងរដ្ឋសភា មានសិទ្ធិអំណាចច្រើនក្នុងនាមបក្សប្រឆាំង ក៏ប៉ុន្តែបក្សនេះបានក្បត់នឹងឆន្ទៈរាស្ត្រ មិនបម្រើប្រជាពលរដ្ឋ តាមការកំណត់របស់ច្បាប់។ ដោយសារតែចង់បាននូវ អំណាចជ្រុលហួសហេតុពេក បក្សសង្គ្រោះជាតិរហូតដល់ហ៊ានក្បត់ជាតិខ្លួនឯង និងឃុបឃិតជាមួយបរទេសដែល ផ្ទុយពីច្បាប់ និងការចង់បានរបស់ម្ចាស់ឆ្នោត។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការពារសិទ្ធិប្រជាជនដែលផ្តល់ការគាំទ្រដល់គណបក្ស ប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ដឹកនាំប្រទេស។ ចាប់តាំងពីការផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ថ្នាក់ដឹកនាំនិងអ្នកគាំទ្រគណបក្សមួយនេះបានលះបង់យ៉ាងច្រើន ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ សេចក្តីសុខសប្បាយរបស់ប្រជាជាតិខ្មែរដោយមិនខ្លាចនឿយហត់ឡើយ។
នេះគឺជាការបម្រើផលប្រយោជន៍ជាតិពិតប្រាកដរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយបានជាម្ចាស់ឆ្នោតភាគច្រើនលើសលប់បានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ការពារជាតិ និងប្រជាជន និងធ្វើអ្វីៗស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
គ៖ ការពារជាតិប្រឆាំងនឹងការជ្រៀតជ្រៀករបស់បរទេស៖ កម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យដែលមាន សិទ្ធិក្នុងការចាត់ចែងកិច្ចការនិងវាសនារបស់ខ្លួន។ កម្ពុជាមិនអនុវត្តឱ្យបរទេសណាមួយ ចាត់ចែងវាសនាខ្មែរជំនួសជនជាតិខ្មែរដែរ ហើយកម្ពុជា ក៏មិនបានជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។ នេះគឺស្របទៅនឹងគោលការណ៍ជាអន្តរជាតិ ដែលប្រទេសមួយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសមួយផ្សេងទៀត។ គណបក្សស ង្គ្រោះជាតិត្រូវបានគេរកឃើញថាបានរំលោភលើមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលចែងថា «គណបក្ស មួយមិនអាចទទួលការបង្គាប់បញ្ជាពីបក្សនយោបាយបរទេស ឬពីរដ្ឋាភិបាលបរទេសឡើយ»។ កឹម សុខា បាន សារភាពខ្លួនឯងអំពីផែនការឃុបឃិតក្បត់ជាតិជាមួយបរទេសនេះ។ ដូច្នេះការរំលាយគណបក្សសង្គ្រោះជាតិ ព្រម ទាំងដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំពីសមាជិក គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកនៃបក្សនេះគឺជា វិធានការច្បាប់ត្រឹមត្រូវដើម្បីកម្ចាត់ជនក្បត់ជាតិ បក្សក្បត់ជាតិពីកម្ពុជាដើម្បីរក្សាអព្យាក្រឹត្យភាព និងឯករាជភាពនៃ ព្រះរាជាណាចក្រកម្ពុជា។
ឃ៖ ប្រជាធិបតេយ្យប្រកបដោយនីតិរដ្ឋ៖ កម្ពុជាគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យច្បាស់លាស់ និង គោរពនូវសិទ្ធិមនុស្ស។ កន្លងមកបក្សប្រឆាំងបានយកលេស លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះកកូរកកាយ និងបំផ្លាញសន្តិសុខជាតិ និងបង្កចលាចលដល់សង្គមតាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌របស់ខ្លួនក្រោយការ បោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ រហូតដល់បិទផ្លូវ ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនថែមទៀតផង។
ពួកគេបានយកជនបរទេសមួយចំនួនធ្វើជាបង្អែកដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន ដោយចង់ផ្លាស់ប្តូររបបតាមកម្លាំងមហាជនតាមរយៈការញុះញង់អុចអាល ថាការបោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ និងចោទប្រកាន់រាជ រដ្ឋាភិបាលថាគ្មានសមត្ថភាព និងដឹកនាំបែបផ្តាច់ការជាដើម។ បក្សប្រឆាំងបានចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ជា ច្រើនដង មិនអាចផ្តួលគណបក្សប្រជាជនកម្ពុជាបាន បែរជាបែកគំនិតពឹងបរទេស ដើម្បីឡើងកាន់អំណាចតាមរយៈ បដិវត្តន៍ពណ៌។
ការផ្លាស់ប្តូរមួយដែលមិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានសុខភាពល្អ និងរីកធំធាត់ល្អប្រសើរ ការអនុវត្តច្បាប់ប្រឆាំងនឹងគណបក្ស ដែលចង់ដឹកនាំប្រទេសបែបអនាធិបតេយ្យ គឺជាភាពចាំបាច់ដើម្បី រក្សាសណ្តាប់ធ្នាប់សង្គមជាតិឱ្យបានល្អ។ ដូច្នេះការរំលាយគណបក្សសង្គ្រោះជាតិគឺការពង្រឹងនីតិរដ្ឋ និងប្រឆាំងរាល់កម្លាំងនយោបាយបំផ្លាញជាតិ។
តើជារឿងចម្លែកទេដែលកម្ពុជាត្រូវសម្រេចរំលាយគណបក្សសង្គ្រោះជាតិ? វាពិតជាមិនមែនជារឿងចម្លែក ឡើយព្រោះប្រទេសជាច្រើននៅលើពិភពលោកមានច្បាប់ ដែលអនុញ្ញាតឱ្យរំលាយបក្សនេះ ក្នុងករណីដែលគណបក្សនយោបាយនោះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថេរភាពជាតិ ផលប្រយោជន៍ជាតិ។ ប្រទេសថៃក្បែរខាងកម្ពុជា ប្រទេសតួកគី និងប្រទេសមួយចំនួននៅអឺរ៉ុប ក៏ធ្លាប់បានរំលាយគណបក្សនយោបាយដែរ។ កាលពីខែធ្នូ ឆ្នាំ ២០១៤ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចរំលាយគណបក្សប្រឆាំងមួយ និងបានរំលាយសមាជិកក្រុម ប្រឹក្សាខេត្ត ក្រុមប្រឹក្សាខ័ណ្ឌ ស្រុក និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ ដោយសារតែធ្វើសកម្មភាពនយបាយប្រឆាំង នឹងរដ្ឋាភិបាលនិងមានទំនោរនយោបាយគាំទ្រ ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េគឺជាប្រទេសដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យយូរឆ្នាំមកហើយ បានប្រកាន់គោលជំហររំលាយគណបក្សប្រឆាំង ដោយមូហេតុដើម្បីរក្សាសន្តិ សុខ និងសុវត្ថិភាពជាតិ។
ដូច្នេះកម្ពុជា ក៏គ្មានជម្រើសអ្វីក្រៅពីការរំលាយគណបក្សសង្គ្រោះជាតិ ចោលដែរដើម្បីប្រឆាំងនឹងការជ្រៀត ជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា កម្ចាត់គម្រោងឃុបឃិត ជាមួយបរទេស ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌បំផ្លាញ សន្តិភាព ការអភិវឌ្ឍ និងស្ថេរភាពជាតិ ដើម្បីការពារឆន្ទៈប្រជារាស្ត្រភាគច្រើនដែលស្រឡាញ់សន្តិភាព និងការអភិ វឌ្ឍ និងដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាននីតិរដ្ឋពិតប្រាកដ៕
ដោយ៖ ចៅចាក់ស្មុក