(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ និងដាក់ផែនការយ៉ាងតឹងរឹង ដល់ក្រុមការងារប្រចាំការគ្រប់គ្រង់សភាពការណ៍ សន្តិសុខ សណ្តាប់សង្គម ដើម្បីក្តាប់ និងប្រមូលផ្តុំព័ត៌មាន សភាពការណ៍ នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ និងអនុវត្តន៍ចាត់វិធានការតាមច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត គ្រប់សកម្មភាពប្រមូលផ្តុំកម្លាំង បង្កចលនាបាតុកម្មទាមទារ តវ៉ានានា ក្នុងចេតនាធ្វើឲ្យមានអសន្តិសុខ អស្ថេរភាពនយោបាយ បាត់បងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។
លោកអភិបាលខេត្តសៀមរាប ក៏បានដាក់ផែនការដល់ អភិបាលក្រុង ស្រុក ត្រូវគ្រប់គ្រង់សភាពការណ៍នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ នៅតាមមូលដ្ឋាន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការញ៉ុះញុង មេក្លោងខិលខូច ដោយយកលែសផ្សេងៗ ដើម្បីប្រមូលផ្តុំ តវ៉ា បង្កអសន្តិសុខសង្គមផងដែរ។
ទន្ទឹមនឹងនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ត្រូវមានទំនាក់ទំនង់ឲ្យបានល្អ ជាមួយខេត្តជាប់ព្រុំប្រទល់នឹងខេត្តសៀមរាប ជៀងវាងការប្រមូលផ្តុំកម្លាំងមកតវ៉ា នៅខេត្តសៀមរាប ដើម្បីបង្កអសន្តិសុខដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្ត។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍មកក្រសួងមហាផ្ទៃ»៕