(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ១២៦នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ និងមានចូលរួម មេបញ្ជាការរង សេនាធិការដ្ឋាន មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត នាយទាហាន នាយទាហានរងចំណុះ បានចាក់បញ្ចាំងស្លាយជូនទស្សនា ការថ្លែងលើឆាកអន្តរជាតិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានថ្លែងទៅកាន់ កងរាជអាវុធហត្ថទាំងអស់ ក្រោយពីបានស្តាប់ប្រសាសន៍ ដ៏មានអត្ថន័យលើឆាកអន្តរជាតិថា «ក្នុងនាមយើងជាកងកម្លាំង និងជាកូនខ្មែរ ពិតជាទទួលយកនូវការគោរពបំផុត នៅប្រសាសន៍ដែលតស៊ូការទូត ដើម្បីជាផលប្រយោជន៍រួម សម្រាប់កូនខ្មែរទាំងអស់គ្នា ទទួលស្គាល់ការពិត»។
លោកមេបញ្ជាការ បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ពិតជាក្លាហានដោយហ៊ានលើកឡើងចំៗ ដល់អន្តរជាតិថា យើងគោរពឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសរបស់អ្នក យើងចង់ឲ្យអ្នកខ្លាំងរីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់រឹសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វី ដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង។
ជាមួយប្រសាសន៍ដោយមិនខ្លាចរអា និងនិយាយដោយត្រង់ៗនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាដូច្នេះថា៖
«ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រឹត្យទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ ចំណុចនេះខ្ញុំចង់ជម្រាបជូនឯកឧត្តមថា សហរដ្ឋអាមេរិក បើអនុវត្តន៍តាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ អាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងស្រឡាញ់។ ហើយរយៈពេលកន្លងទៅនេះ ខ្ញុំសូមជម្រាបថា ប្រទេសនៅទីនេះ ខ្ញុំគិតថា គ្រាន់តែមានអ្នកហ៊ាននិយាយ ឬមិនហ៊ាននិយាយតែប៉ុណ្ណោះ គឺនៅត្រង់ថា រដ្ឋកាលមុនៗគេបានប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត។ ឥឡូវកំពុងបន្តក្លាយជាជនរងគ្រោះដោយសារតែសកម្មភាពរបស់អ្នកខាងក្រោម ដែលដើរខុសពីបន្ទាត់នយោបាយរបស់ឯកឧត្តម»។
សម្តេចតេជោ បន្តថា «នយោបាយរបស់ឯកឧត្តមកំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូត [អាមេរិក] នៅទីក្រុងភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់ យើងខ្ញុំអនុវត្តន៍នូវការអនុវត្តន៍ច្បាប់របស់ប្រទេស ត្រូវបានគេរារាំង។ ចំណុចនេះខ្ញុំគិតថា ប្រហែលជាឯកឧត្តមមានភារកិច្ច ដើម្បីនឹងដាស់តឿនជាមួយមន្រ្តីទាំងឡាយ ព្រោះរឿងនេះជាគោលការណ៍ធំណាស់ទាក់ទងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង»៕