(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមជាមួយព្រះភិក្ខុសុវណ្ណបញ្ញោ នូ សាំង ចៅអធិការវត្តជ្រោយបទុម ហៅវត្តព្រែកជ្រៃ បាននាំយកអំណោយទៅចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងសាលាបឋមសិក្សាអូហ្គុរ៉ាត្រកៀត ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ចំនួន១,២៦៨នាក់។
ក្នុងឱកាសនោះ លោកនាយកវិទ្យាល័យទទួលបានថវិកា១៥ម៉ឺនរៀល, លោកនាយករងថវិកា១០ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ១៦នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល, សៀវភៅ១០ក្បាល និងប៊ិច២ដើម។ សិស្សានុសិស្ស ចាប់ពីថ្នាក់ទី០១ ដល់ថ្នាក់ទី០៦ ចំនួន១,២៥០នាក់ ក្នុងម្នាក់ៗសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកា១,០០០រៀល។
អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើដល់ប្អូនៗកុមារតូចៗទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាទំពាំងស្នងឬស្សី ដើម្បីបន្តជួយសង្គមជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះក៏សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានយកចិត្តទុកដាក់ បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើម្បីក្លាយជាធនធានមនុស្សទៅថ្ងៃអនាគត។
ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ក្រោមការដឹកនាំប្រកបដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាបានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាពលរដ្ឋមានជីវភាពធូរធា ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕