(ស្វាយវៀង)៖ ពានរង្វាន់បាល់ទាត់ «ស្វាយរៀង ខាប់» លើកទី៣ ឆ្នាំ២០១៧ បានរកឃើញម្ចាស់ជើងឯកហើយ ដោយក្រុម ធារី លីងគួយ បានយកឈ្នះ ២-០ ក្រុម ស.ស.យ.ក ស្រុករមាសហែក នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពិធីបិទការប្រកួតក្រោមក្រសែរភ្នែករបស់ ប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៣,០០០នាក់ កាលពីចុងសប្តាហ៍នេះ។
ក្នុងពិធីបិទការប្រកួតពានរង្វាន់ មានវត្តមានគណៈអធិបតីអញ្ជើញចូលរួមដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងមានការច្រៀងចម្រៀង និងបង្ហាញក្បាច់រាំពីក្រុម កញ្ញា យូរី ផងដែរ។
លទ្ធផលក្រុមទទួលជ័យលាភីក្នុងព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ឆ្នាំ២០១៧នេះ មានដូចជា៖
* ក្រុមបាល់ទាត់ Fair Play បានទៅលើក្រុម សុភ័ក្រម៉ូទ័រ FC ជីភូ ទទួលបានថវិកា៦០ម៉ឺនរៀល
* គ្រូបង្វឹកល្អជាងគេ បានទៅលើ គ្រូបង្វឹកក្រុម ធារី លីងគួយ ទទួលបានថវិកា៦០ម៉ឺនរៀល
* កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ បានទៅលើ កីឡាករ ប៊ុត វណ្ណសុខា កីឡាករមកពីក្រុម សសយក ក្រុងបាវិត ទទួលបានថវិកា៦០ម៉ឺនរៀល
* កីឡាករចាំទីល្អជាងគេ បានទៅលើ កីឡាករ រៀល សុធា ទទួលបានថវិកា៦០ម៉ឺនរៀល
* ក្រុមអាជ្ញាកណ្តាល ទទួលបានថវិកាជ័យលាភី២,៦លានរៀល
* ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមយុវជនស្រុកស្វាយជ្រំ បានទទួលថវិកា១លានរៀល
* ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម PANDA FC បានទទួលថវិកា១,៥លានរៀល និងមេដាយសំរិទ្ធចំនួន២៨គ្រឿង
* ក្រុមចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមសសយក ស្រុករមាសហែក ទទួលបានថវិកា៣លានរៀល និងមេដាយប្រាក់ចំនួន២៨គ្រឿង
* ក្រុមចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ធារី លីងគួយ ទទួលបានថវិកា៦លានរៀល មេដាយមាស២៨គ្រឿង និងពានរង្វាន់១។
គួររំលឹកផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧ ត្រូវបានចំណាយរយៈពេលប្រកួតអស់ចំនួន៤ខែកន្លះ ដែលមានការប្រកួតចំនួន៧៦ប្រកួត ធ្វើការប្រកួតរៀងរាល់ ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សំរាក ដែលមានការផ្តួចផ្តើមបង្កើតឡើងដោយ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង កាលពីឆ្នាំ២០១៥៕