(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបនល្បែងស៊ីសងអាប៉ោង ឃាត់ខ្លួនបាន៧នាក់ និងសម្ភារមួយចំនួន នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនអ្នកលេងបានចំនួន៧នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន បញ្ជូនមកស្នងការដើម្បីបញ្ជូនបន្តទៅ តុលាការខេត្តចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ សុខ និមល ប្រធានក្រុមប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា ដោយបានអនុវត្តតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តក៏ដូចជា លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បង្ក្រាប ឲ្យបានរាល់បទល្មើសនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមនៅតាមមូលដ្ឋាន។
លោក សុខ និមល បានបន្តថា លោកបានដឹកនាំកម្លាំងចុះទៅលើទីតាំងនៅត្រង់ ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ដោយបានប្រតិបត្តិការ បង្ក្រាបនូវល្បែងស៊ីសងអាប៉ោង ចំនួន១កន្លែងសមត្ថកិច្ចជំនាញបានឃាត់ ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងចំនួន៧នាក់ រួមនឹងវត្ថុតាងរួមមានទី១៖ គ្រាប់អាប៉ោងចំនួន២គ្រាប់, ទី២៖ ចានអាប៉ោងចំនួន១ឈុត, ទី៣៖ កំរាលចាក់អាប៉ោងចំនួន១ផ្ទាំង, និងទី៤៖ ប្រាក់មួយចំនួន រួមនិងសម្ភារៈប្រើប្រាស់សម្រាប់លេងមួយចំនួនទៀត។
បច្ចុប្បន្នក្រុមអ្នកលេងទាំង៧នាក់ រួមនឹងវត្ថុតាងដកហូតបានត្រូវសមត្ថកិច្ចបញ្ជូនយកទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕