(កំពង់ស្ពឺ)៖ ក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ដោយមានការផ្តួចផ្តើមពីលោកឧកញ៉ា ឡាក់ រ៉ាវុធ  ដែលជាប្រធាន និងលោក ណារី សារ៉ា ជាអនុប្រធានរួមទាំងលោក ផុន ប៊ុនថេល អនុប្រធាន លោក ម៉ៅ សុណារិទ្ធ ព្រមទាំងសមាជិកសមាជិការ​ពីប្រទេសអូស្ដ្រាលី បាននាំយកនូវអំណោយសប្បុរសធម៌ពីគ្រួសារខ្មែរ នៅរស់ទីក្រុងម៉ែលប៊ន បានជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងចំនួន ៦គ្រួសារ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ការចុះទៅផ្តល់អំណោយនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក កាន វឌ្ឍនា តំណាងឲ្យក្រុមការងារ បានឲ្យដឹងថា អំណោយសប្បុរសធម៌ខាងលើ គឺទទួលបានពីការចូលរួមពីក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីកម្មវិធីមូលនិធិសុប្បុរសធម៍កាលពីថ្ងៃ០៩ ខែកញ្ញាកន្លងទៅ។

លោកបានបន្តថា បេសកកម្មមនុស្សមួយនេះ នឹងមានជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជីវភាព​ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា​ឲ្យកាន់តែល្អប្រសើរផងដែរដោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេព​កោសល្យ​​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ​បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោ​បាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ឆ្លៀតក្នុងឱកាសនោះ ក្រោយទទួលបានអំណោចសប្បុរសធម៌ដ៏ថ្លៃថ្លាខាងលើ តំណាងគ្រួសារចាស់ជរា គ្មានទីពឹងទាំង ៦គ្រួសារ បានសម្ដែងនូវក្ដីរំភើបរីករាយក្រែលែង ចំពោះក្រុមការងារយុវជនគណបក្សប្រជាជន កម្ពុជាដែលបានចែករំលែកនូវអំណោយ ដើម្បីជួយដល់គ្រួសារក្រីក្រខាងលើ។

ជាមួយគ្នានោះបុរសពោះម៉ាយពិការជើងទាំងសងខាងលោក សួស សយ ដែលមានកូនស្រីតូចៗ ៣នាក់ក្រោមបន្ទុក បានរៀបរាប់ទាំងអួលដើមកថា លោកពិតជាសប្បាយចិត្តស្ទើរនិយាយមិនចេញ ដែលមានសប្បុរសជនជួយគ្រួសារលោកជាបន្ដបន្ទាប់  ពិសេសក្រុមការងារបស់យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊នតែម្ដង៕