(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សហការជាមួយសណ្ឋាគារ Raffles Hotel Le Royal នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ នៃដំណើរទស្សនកិច្ចរបស់អតីតស្រ្តីទី១អាមេរិក លោកស្រី Jaqueline Kennedy ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៧។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt នឹងកាត់ខ្សែបូរបើកពិធីតាំងពិព័រណ៌រូបថតនេះនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពិធីនេះគឺជាឱកាសសម្រាប់ធ្វើការអបអរស្តីពីសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
កាលពី ៥០ឆ្នាំមុន លោកស្រី Jaqueline Kennedy ភរិយារបស់លោក John F. Kennedy ប្រធានាធិបតីទី៣៥របស់អាមេរិក បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបំពេញនូវ «សុបិន្តក្នុងមួយជីវិត កាលពីនៅក្មេង» ក្នុងការបានមើលប្រាសាទអង្គរ ដែលជាប្រាសាទបូរាណខ្មែរ។
ដំណើរទស្សនកិច្ចរបស់អតីតស្រ្តីទី១អាមេរិកមកកាន់កម្ពុជាកាលពី៥០ឆ្នាំមុន គឺទទួលបានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋលើពិភពលោកផងដែរ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកឈ្មោះ «Life» បានសរសេររំលេចជាមួយរូបភាពជាច្រើនសន្លឹកផងដែរ។
រូបភាពបង្ហាញពីសកម្មភាពដ៏ស្និទ្ធស្នាលរវាងលោកស្រី Jaqueline Kennedy និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋរបស់កម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមជាច្រើនសន្លឹកនឹងត្រូវលើកមកបង្ហាញតាមរយៈពិព័រណ៍ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកនៅល្ងាចថ្ងៃនេះ៕