(ស្វាយរៀង)៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សូមប្រកាសថ្កោលទោសដាច់ខាត ចំពោះសកម្មភាពរបស់សកម្មជន CNRP មួយចំនួនដែលបានទទួល បញ្ជាពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន ព្រមទាំងមានពួកបរទេសនៅពីក្រោយ បានដើរឃោសនា បំផុសឲ្យអតីតកងកម្លាំងប្រដាប់អាវុធ ដែលជានិវត្តន៍ជនចូលរួមជាមួយ CNRP នៅថ្ងៃ១៥-១៦ ខែវិច្ឆិកា នេះ ដើម្បីបះបោរប្រឆាំង និងតុលាការកំពូលដែលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល។
លោក កឹង ឃន ប្រធានអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង ដែលក្នុងមួយជីវិតរបស់ពួកយើង បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងបានទទូលនូវប្រាក់សោធន និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រោយពេលដែលពួកយើងចូលនិវត្តន៍ ហេតុនេះជាការតបស្នង យើងខ្ញុំទាំងអស់គ្នាគាំទ្រទាំងស្រុងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងសូមធ្វើការប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងបះបោររបស់ពួកប្រឆាំង និងសូមឲ្យអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការឲ្យបានហ្មឺងម៉ាត់បំផុតចំពោះពួកល្មើសទាំងនេះ»។
តំណាងឲ្យសមាជិក នៃសមាគមអតីតយុទ្ធជន នៅទូទាំងខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានប្រកាសថា អតីតយុទ្ធជនគាំទ្រទាំងស្រុងនូវការរំលាយគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ និងមានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនាំភាពវឹកវរដល់សង្គមជាតិ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាគាំទ្រទាំងស្រុង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការពារដាច់ខាតរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសូមធ្វើការប្រឆាំងដាច់ខាត រាល់ការប៉ុន់ប៉ងបះបោររបស់ពួកប្រឆាំង និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានហ្មឺងម៉ាត់បំផុតចំពោះពួកល្មើសទាំងនេះ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលតាមរយៈបណ្តឹងរបស់ក្រសួងមហាផ្ទៃ នឹងបើកសវនាការជំនុំជម្រះនូវការប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ ស្តីពីគណបក្សនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ តាមរយៈបណ្តឹង និងច្បាប់ស្តីពីគណបក្សនយោបាយ គឺគណបក្សសង្រ្គោះជាតិ អាចនឹងត្រូវរំលាយចោល ហើយថ្នាក់ដឹកនាំគណបក្សមួយនេះរហូតដល់ទៅ១១៧រូប ក៏ត្រូវហាមឃាត់ធ្វើនយោបាយរយៈ៥ឆ្នាំផងដែរ៕