(ភ្នំពេញ)៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានទទួលស្វាគមន៍ បវរកញ្ញាពិភពលោកជ័យលាភី ឆ្នាំ២០១៦ និងប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស ដើម្បីជួបសំណេះសំណាល ជាមួយសិស្ស-និស្សិត ប៊ែលធី ជាង ៧០០នាក់ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោក Van M.Pham ប្រធានគណៈកម្មាធិការ បវរកញ្ញាពិភពលោក ព្រមទាំងលោក អឿន រដ្ឋរតនៈ មន្ត្រីការបរទេស នៃគណៈកម្មាធិការបវរកញ្ញាពិភពលោក។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បានថ្លែងថា ឈ្មោះ ប៊ែលធី (BELTEI) ត្រូវបានផ្គុំទ្បើងដោយ ៦មុខវិជ្ជាធំៗ គឺ BEL = Business, Economics, Law, និង TEI = Tourism, English, Information of Technology។ បច្ចុប្បន្ន ប៊ែលធី គ្រុប មានបុគ្គលិកបម្រើការងារ ជាង ២, ៥០០នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ប្រមាណ ៣៧, ០០០នាក់ និងមានបម្រើសេវា ៣ធំៗ ដូចជា៖
១. ប៊ែលធី សំណង់ (BELTEI Construction) មានសេវា ទិញ+លក់ អចលនទ្រព្យ និងសាងសង់អគារផ្សេងៗ។ បច្ចុប្បន្ន កំពុងសាងសង់អគារ ប៊ែលធីទី១៨ (ព្រែកឯង), ប៊ែលធីទី១៩ (ក្រុងកំពង់សោម) និងប៊ែលធីទី២០ (ព្រែកលាប)។
២. ប៊ែលធី ទេសចរណ៍ (BELTEI Tour) មានបម្រើសេវា ៣ធំៗ៖ ដំណើរកម្សាន្ត ក្នុងស្រុក (Domestic Tour Program), កម្មវិធីនាំភ្ញៀវពីប្រទេសនានា មកទស្សនា ប្រទេសកម្ពុជា (Inbound Tour Program) និងកម្មវិធីនាំភ្ញៀវពីប្រទេសកម្ពុជា ទៅ ទស្សនាក្រៅប្រទេស (Outbound Tour Program)។
៣. ប៊ែលធី អប់រំ (BELTEI Education) ចែកចេញជា ៣ផែ្នកធំៗគឺៈ
- សាលា ប៊ែលធី អន្តរជាតិ៖ មាន ២១ទីតាំង និងមានសិស្សកំពុងសិក្សាជាង ៣៦,០០០ នាក់ ដោយមាន ០៥កម្មវិធីសិក្សាធំៗ៖ ១. ចំណេះទូទៅ ២. ភាសាអង់គ្លេសទូទៅ ៣. វគ្គបណ្តុះបណ្តាលជំនាញឯកទេស ៤.វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡង តេស្តអន្តរជាតិ។
- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន០១ទីតាំង ស្ថិតនៅអគារ២១ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន និងមានមហាវិទ្យាល័យ ៦ធំៗ៖ ១. គ្រប់គ្រង ពាណិជ្ជកម្ម ២. អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ៣. នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ៤. ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥. វិស្វកម្ម និងស្ថាបត្យកម្ម ៦. ព័ត៌មានវិទ្យា និង វិទ្យាសាស្ត្រ។
- ប៊ែលធី ទំនាក់ទំនង អន្តរជាតិ៖ មានបម្រើសេវា ៣សំខាន់ៗ៖ ១. បញ្ជូនសិស្ស-និស្សិតទៅសិក្សាក្រៅប្រទេស ២. កម្មវិធីផ្លាស់ប្តូរនិស្សិត ៣. ការធ្វើកម្មសិក្សានៅក្រៅប្រទេស។
លោក អឿន រដ្ឋរតនៈ មន្ត្រីការបរទេសរបស់គណៈកម្មាធិការបវរកញ្ញាពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកកាន់សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិនេះ។ ជាពិសេសសូមថ្លែងអំណរគុណចំពោះ លោក លី ឆេង បានឧបត្ថម្ភទាំងថវិកា និងរថយន្តដ៏ទំនើបរបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ ជាមួយនឹងសេវាកម្មដ៏ល្អពេញចិត្ត។
លោកបានឲ្យដឹងផងដែរថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ បានចូលរួមដាំដើមឈើ ចំនួន ១០,០០០ដើម នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជានិម្មិតរូបនៃការចូលរួមថែរក្សាបរិស្ថាន និងបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រ សំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ ក្រុងព្រះសីហនុ រមណីយដ្ឋានឋានសួគ៌បូកគោ និងតំបន់ផ្សេងៗជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ នៃបរិស្ថាន និងវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក លី ឆេង បានថ្លែងអំណរចំពោះ គណៈកម្មាធិការរៀបចំកម្មវិធី Miss Global និងបវរកញ្ញាពិភពលោកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេល នេះ។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានកិត្តិយស ដោយបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់បវរកញ្ញាពិភពលោក ទាំង ៦០ប្រទេស ដែលបាន អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស-និស្សិតប៊ែលធី ដើម្បីចែករំលែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបទពិសោធន៍ ជាពិសេស ផ្សព្វផ្សាយពីគុណតម្លៃ នៃបរិស្ថាន និងបំផុសចលនាចូលរួមកិច្ចគាំពាបរិស្ថាននៅកម្ពុជា។ លោកក៏បានបន្ថែមផងដែរថា នេះជាកិត្តិយស និងជាមោទនភាពរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតប្រជែង បវរកញ្ញាពិភពលោកឆ្នាំ២០១៧ នេះ ដោយអាចផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ និងមើលឃើញកាន់តែច្បាស់ ពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ជាទីបញ្ចប់ លោកបានប្រគល់វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កា ជូនដល់បវរកញ្ញាពិភពលោក និងបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា នាពេលនោះផងដែរ ៕