(បាត់ដំបង)៖ ប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានចេញមកប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ​ ​​ចំពោះសមាជិកគណបក្សសង្រ្គោះជាតិ (CNRP) និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានដើរបំផុសអតីតយុទ្ធជន ឲ្យចូលរួមធ្វើចលនាបះបោរប្រឆាំងនឹងការ រំលាយគណបក្សសង្រ្គោះជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសមាជិកគណបក្សសង្រ្គោះជាតិ រួមនិងអង្គការសង្គមស៊ីវិលមួយចំនួន បានដើរបំផុសឲ្យអតីតយុទ្ធជន ដែលជាអតីតកងកម្លាំងប្រដាប់អាវុធក្រោកឡើងប៉ះបោរ និងធ្វើសកម្មភាពជាមួយខ្លួន ប្រឆាំងការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានគូសបញ្ជាក់យ៉ាងដូច្នេះ «សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង សូមធ្វើការថ្កោលទោសដាច់ខាត ចំពោះសកម្មភាពរបស់ សកម្មជន CNRP មួយចំនួនដែលបានទទួលបញ្ជាពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន និងមានពួកបរទេសនៅពីក្រោយ បានដើរឃោសនា បំផុសឲ្យអតីតកងកម្លាំងប្រដាប់អាវុធ ដែលជានិវត្តន៍ជនចូលរួមជាមួយ CNRP នៅថ្ងៃ១៥-១៦ វិច្ឆិកា ខាងមុខនេះ បះបោរប្រឆាំង និងតុលាកាដែលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល»

លោកឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់ដែរថា ក្នុងមួយជីវិតរបស់អតីតយុទ្ធជន បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងសុខសន្តិភាព របស់ប្រទេសជាតិក្រោយ ពេលចូលនិវត្តន៍ពួកគាត់បានទទូលបានប្រាក់សោធន និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយតែងតែគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។

តំណាងឲ្យសមាជិក នៃសមាគមអតីតយុទ្ធជន នៅទូទាំងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានប្រកាសថា អតីតយុទ្ធជនគាំទ្រទាំងស្រុងនូវការរំលាយគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ និងមានចេតនាទុចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនាំភាពវឹកវរដល់សង្គមជាតិ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាគាំទ្រទាំងស្រុង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការពារដាច់ខាតរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសូមធ្វើការប្រឆាំងដាច់ខាត រាល់ការប៉ុន់ប៉ងបះបោររបស់ពួកប្រឆាំង និងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានហ្មឺងម៉ាត់បំផុតចំពោះពួកល្មើសទាំងនេះ»

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលតាមរយៈបណ្តឹងរបស់ក្រសួងមហាផ្ទៃ នឹងបើកសវនាការជំនុំជម្រះនូវការប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ ស្តីពីគណបក្សនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ តាមរយៈបណ្តឹង និងច្បាប់ស្តីពីគណបក្សនយោបាយ គឺគណបក្សសង្រ្គោះជាតិ អាចនឹងត្រូវរំលាយចោល ហើយថ្នាក់ដឹកនាំគណបក្សមួយនេះរហូតដល់ទៅ១១៧រូប ក៏ត្រូវហាមឃាត់ធ្វើនយោបាយរយៈ៥ឆ្នាំផងដែរ៕