(កំពង់ស្ពឺ)៖ អនុប្រធានគណបក្សឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ, សមាជិកក្រុមប្រឹក្សាឃុំស្វាយចចិប ស្រុកបសេដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំរកាកោះ ស្រុកគងពិសី សរុប៣នាក់ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖
ទី១៖ លោក ចាប់ សូវី អាយុ៦៧ឆ្នាំ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។
ទី២៖ លោក ឃួន សុខន អាយុ៦៥ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំស្វាយចចិប ស្រុកបសេដ្ឋ។
ទី៣៖ លោក សេង លី អាយុ៦៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំរកាកោះ ស្រុកគងពិសី។
សមាជិកបក្សសង្គ្រោះជាតិទាំង៣នាក់ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានពួកគេបានបញ្ជាក់ដូចៗគ្នាថា «ដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើនយោបាយបម្រើបរទេស ដែលជាទង្វើក្បត់ជាតិ និងធ្វើឲ្យខ្ញុំអស់ជំនឿលើការដឹកនាំគណបក្សសង្គ្រោះជាតិតទៅទៀត»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖