(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ «Miss Global PAGEANT 2017» តំណាងឲ្យជាង៦០ប្រទេសលើពិភពលោក បានមកសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងឱកាសដ៏រីករាយនោះ លោកអភិបាលខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ និងសូមស្វាគមន៍ ចំពោះប្រតិភូបបរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ ដែលបានមកធ្វើទស្សនកិច្ច ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សំបូរបែបនេះ។

អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ ជាខេត្តគោលដៅសេដ្ឋកិច្ចពហុបំណង ដ៏ធំជាងគេនៅប្រទេសកម្ពុជា និងជាគោលដៅអត្ថិភាពមួយ ក្នុងចំណោមគោលដៅអត្ថិភាពទាំង៤ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងទាក់ទាញទេសចរណ៍ ជាពិសេសដោយផ្អែកលើសក្តានុពលដ៏ធំធេងនៃធនធានធម្មជាតិ ។

លោកបន្ដថា ដូចជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលមានប្រវែង ១៧៥.៨ គីឡូម៉ែត្រ នឹងត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរដ៏ស្អាតបំផុតលើសកលលោក ក្នុងឆ្នាំ២០១១ មានកោះ ចំនួន៣២ ជាមួយនឹងឆ្នេរខ្សាច់ស្រស់ស្អាត ឧទ្យានជាតិ ទឹកជ្រោះ និងខ្យល់អាកាសល្អបរិសុទ្ធ រួមទាំងសក្តានុពលនៃសេដ្ឋកិច្ច ដូចជាផ្អែកឧស្សាហកម្ម កសិកម្ម និងកំពង់ផែអន្តរជាតិ ជាដើម ដែលធ្វើឲ្យខេត្តព្រះសីហនុ ក្លាយទៅជាគោលដៅទាក់ទាញទេសចរណ៍យ៉ាងសំខាន់ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ទាំងមូល។

លោកបន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយកិត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យ អត្ថិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រ ដល់ការសំរេច បាននៅគោលដៅអភិវឌ្ឍន៍សហសវត្សន៍ (SDGs) ក្រោយឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

លោកអភិបាលខេត្ត បន្ថែមទៀតថា ដោយផ្អែកលើសក្តានុពលដ៏ធំធេង នៃធនធានធម្មជាតិ ដោយបាននាំឲ្យ មានកំណើនភ្ញៀវទេសចរប្រចាំឆ្នាំ មកកាន់ខេត្តព្រះសីហនុ រដ្ឋបាលសាលាខេត្ត បានសហការជាមួយសា្ថប័នពាក់ព័ន្ធយកចិត្តទុកដាក់អភិវឌ្ឍន៍ កែលំអរហេដ្ឋារចនាសម័្ពន្ធ សោភ័ណ្ឌភាព បរិស្ថាន អនាម័យទីក្រុង រមណីយដ្ឋាន ពង្រឹងស្តង់ដា គុណភាពសេវាទេសចរណ៍ សន្តិសុខ និងសុវត្ថិភាពទេសចរណ៍ ឲ្យកាន់តែល្អប្រសើរ។

លោកថា ជាពិសេស គឺការយកចិត្តទុកដាក់ទៅលើផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ត្រឹមត្រូវ សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន លើផ្នែកសេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ សង្គម ដែលទាមទារឲ្យមានការចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទទួលខុសត្រូវ និងទទួលបាននូវសារៈប្រយោជន៍ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ដរបស់
រាជរដ្ឋាភិបាលកម្ពុជា សំដៅសំរេចឲ្យបាននូវគោលការណ៍អភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយនិរន្តរ៍ភាព និងជាគោលដៅទេសចរណ៍ «ស្អាត និងបៃតង» ផ្តល់សេវាប្រកប ដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូបវរកញ្ញាឯកពិភពលោក ដែលបានមកបំពេញទស្សនៈកិច្ចនៅលើទឹកដីដ៏បវរនៃយើង និងជូនពរ ឲ្យការស្នាក់នៅរបស់ប្រតិភូបវរកញ្ញាឯកពិភពលោក ទទួលបាននៅភាពរីករាយ ជោគជ័យ និងសុខសុវត្ថិភាពគ្រប់ពេល។

សូមបញ្ជាក់ផងដែរថា ក្រៅពីការបំពេញទស្សនកិច្ច នៅខេត្តព្រះសីហនុស្ថាប័ន «Miss Global Organization» ក៏ដូចជាប្រតិភូបវរកញ្ញាឯកពិភពលោក គ្រោងនឹងរៀបចំព្រឹត្តការណ៍ បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ «Miss Global PAGEANT 2017» នៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព កិច្ចការមនុស្សធម៌ និងលើកស្ទួយសិទ្ធសេរីភាព របស់ស្រ្តីក្នុងពិភពលោក ដែលមានតំណាងគណៈប្រតិភូពីជាង៦០ ប្រទេសលើពិភពលោក៕