(ស្វាយរៀង)៖ ជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានកាន់តែបែកបាក់ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ដែលសកម្មភាពទាំងនេះ បានកើតឡើង បន្ទាប់ពីពួកគេដឹង និងបានឃើញដោយផ្ទាល់ភ្នែកថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនោះ បានទៅឱនក្បាលបម្រើបរទេស ហើយចង់ផ្តួតរំលំរាជរដ្ឋាភិបាល ស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ជាក់ស្តែង សកម្មជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ នាពេលកន្លងទៅនោះ នៅពេលនេះ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ដោយគ្មានស្ដាយស្រណោះ និងស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ រួចពួកគេបានមកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចំនួនសរុបរហូតដល់៧៤នាក់។
ក្រោយពីមានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ខៀវ សាម៉េត ប្រធានគណៈពង្រឹងឃុំក្រសាំង និងលោក ហ៊ង បូរ៉ា អនុប្រធានគណៈពង្រឹង ព្រមទាំងក្រុមការងារ បានរៀបចំពិធីទទួលក្រុមសកម្មជនទាំង៧៤រូបនេះ ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ពេញសិទិ្ធតែម្ដង។
ក្រុមសកម្មជនទាំង៧៤រូប បានដោះសម្លៀកបំពាក់របស់គណបក្សសង្គ្រោះជាតិចោល ហើយយកសម្លៀកបំពាក់របស់គណបក្សប្រជាជនកម្ពុជា មកស្លៀកពាក់វិញម្ដង ដោយបញ្ជាក់ថា ចាប់ពីពេលនេះទៅពួកគេ ចូលរួមដើរតាមជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក ខៀវ សាម៉េត បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃនេះក្រុមការងារ បានរៀបចំពិធីជប់លៀងទទួលក្រុមសកម្មជន ដោយមានការហូមអាហារជុំគ្នា ព្រមទាំងចែកអំណោយមួយចំនួនផងដែរ។
លោក ខៀវ សាម៉េត បានថ្លែងថា ពិធីទទួលបញ្ចូលសមាជិកថ្មីនោះថា ការវិលមករួមជីវភាពនយោបាយ របស់បងប្អូនហាក់បីដូចនាំសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមដល់សង្គមជាតិ និងបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ឲ្យបន្តប្រឹងប្រែងដោយមិនខ្លាច នឿយហត់ ដើម្បីកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីឲ្យបងប្អូន កូន ចៅមានការងារធ្វើថែមទទួលបានប្រាក់ខែខ្ពស់ផងដែរ។
លោកបានបន្តថា សូមឲ្យបងប្អូនឈប់ជឿលើក្រុមមនុស្សអគតិមួយចំនួន ដែលតែងញុះញង់បំបែកបំបាក ជាតិខ្មែរខ្លួនឯងទៅ បម្រើបរទេសដោយយកលេសថាកម្ពុជា កំពុងជួបបញ្ហាសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាទទួលបានសន្តិភាព និងមានសេរីគ្រប់គ្រាន់រួចទៅហើយ។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖