(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានហៅ លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចថា គឺជាបុគ្គលទី១ ដែលបានបំផ្លាញគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបែកបាក់ជាគណបក្សតូចៗរហូតដល់សូន្យកៅអី។
ការលើកឡើងបែបនេះរបស់ លោក ញ៉េប ប៊ុនជិន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ របស់គណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោក លឺ ឡាយស្រេង នាថ្មីៗនេះ បានរិះគន់ដល់ការដឹកនាំរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីអាណត្តិទី១ ថាមានអំពើពុករលួយដោយយកប្រាក់ ជាថ្នូរនឹងការផ្តល់តំណែងជូនមន្រ្តីរបស់ខ្លួន។
លោក ញ៉េប ប៊ុនជិន បានចាត់ទុកថា ការវាយប្រហារបែបនេះរបស់ លោក លឺ ឡាយស្រេង លើសម្តេចក្រុមព្រះ ក៏ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច គឺជាចេតនាអាក្រក់ ដើម្បីផ្តល់ភាពចំណេញនយោបាយ ដល់គណបក្សមួយដែលលោកចង់សម្តៅលើគណបក្សប្រឆាំង។ លោកបានថ្លែងថា បុគ្គល លឺ ឡាយស្រេងនេះ គឺជាអ្នកបំផ្លាញគណបក្សហ៊្វុនស៊ិនប៉ិចមុនគេបង្អស់ ហើយកំពុងព្យាយាមមកបំផ្លាញម្តងទៀតមុនការបោះឆ្នោត។
លោក ញ៉េប ប៊ុនជិន បានលើកឡើងយ៉ាងដូច្នេះថា៖ «លោក លឺ ឡាយស្រេង ជាជនទី១ដែលធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច វឹកវរបែកជាគណបក្សតូចៗមុនគេ គឺនៅឆ្នាំ២០០៦ ជាអ្នករត់ចោលគណបក្សមុខគេទៅជេរកាដឹកនាំរបស់គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច នៅក្រៅប្រទេសវិញ»។
លោកបានបន្តថា «ប្រហែល៩ឆ្នាំ ទៅ១០ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវឃ្លាតឆ្ងាយពីឆាកនយោបាយធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច មិនទទួលបានមួយកៅអី ទាំងនេះជាការប្រមាថមើលងាយខ្លាំងណាស់ដល់គណបក្ស បែរជាចោទសម្តេចក្រុមព្រះថាមិនកើតបែរ ជានាំគ្នាធ្វើរដ្ឋប្រហារព្រះអង្គចេញពីគណបក្សទៅវិញបន្ទាប់ពី មិនទទួលបានមួយកៅអីបែរជាលោក លឺ ឡាយស្រេង បានដាក់មេផាយរត់ចោល គណបក្សដែលធ្លាប់ផ្តល់តួនាទី និងឋានៈឲ្យខ្លួនមុនគេទៅវិញ។ ហើយគិតតែជេរសម្តេចក្រុមព្រះទៅវិញទាំងនេះជារឿងមួយអយុត្តិធម៌ខ្លាំងណាស់ សម្រាប់សម្តេចក្រុមព្រះ និងគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច»។
សូមជំរាបថា នាថ្មីៗនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យប្តឹង លោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីសំឡេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។
ក្នុងសំឡេងនោះ លោក លឺ ឡាយស្រេង បាននិយាយប្រមាថ ដល់ព្រះជេស្តាព្រះមហាក្សត្រ ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល អ្នករាជានិយម និងប្រជាពលរដ្ឋខ្មែរ៕