(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គី នៃការបញ្ចប់គម្រោងព្យាបាលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែននៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃប្រចាំឆ្នាំ២០១៧ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ ខេមបូឌាវីសិន អូស្រ្តាលី នៅភោជ្ជនីយដ្ឋាន ឡឺប្រេស៊ីដង់ រាជធានីភ្នំពេញនារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយទាំងពេលវេលា និងថវិកាមកបំពេញបេសកកម្មការងារមនុស្សធម៌ ក្នុងការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ជាពិសេស ព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ លោកស្រីបានបន្តទៀតថា សកម្មភាពដ៏ថ្លៃថ្លានេះពិតជាបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភាបាលនេះ។

កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមកធ្វើការងារមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៧។ ដោយឡែកលើកនេះជាឆ្នាំទី១០ ដែលក្រុមគ្រូពេទ្យជំនាញវះកាត់ អ្នកជំនាញដាក់ថ្នាំស្ពឹក គ្រូពេទ្យភ្នែកត្រចៀក បំពង់ក និងគិលានុបដ្ឋាករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ ខេមបូឌាវីសិន អូស្រ្តាលី បានបន្តមកព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តពោធិ៍សាត់ចាប់ ពីថ្ងៃទី០៦-១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមធ្យមក្នុងមួយថ្ងៃគឺការព្យាបាលបានក្នុងរង្វង់ពី៥០០នាក់ ទៅ ៦០០នាក់ សរុបជាង៣.០០០នាក់ ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្រ្តាលីនេះ បន្តសកម្មភាពរបស់ខ្លួនចូលរួមចំណែកជួយដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។ ជាទីបញ្ចប់លោកស្រី ក៏បានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងខ្មែរ និងអូស្ត្រាលីទទួលបានសុខភាពល្អ ការស្នាក់នៅ និងធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព៕