(ម៉ានីល, ហ្វីលីពីន)៖ នៅចំពោះមុខមេដឹកនាំអាស៊ានទាំង១០រូប ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២០ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ លោក ស៊ីន ហ្ស៊ូអាបេ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងកោតសរសើរប្រទេសសមាជិកអាស៊ានថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងសន្តិភាពនៅក្នុងតំបន់។
តែទោះជាយ៉ាងណា មេដឹកនាំអាស៊ានក៏បានសំដែង និងវាយតម្លៃខ្ពស់ផងដែរ ចំពោះឆន្ទះរបស់ជប៉ុន ក្នុងការចូលរួមយ៉ាងសកម្មថែមទៀត ក្នុងការរក្សាសន្តិភាព សន្តិភាពនៅក្នុងសហគមន៍អន្តរជាតិ ពិសេសការគាំទ្រដល់គោលនយោបាយរបស់ជប៉ុន ក្នុងការចូលរួមវិភាគទានរបស់អន្តរជាតិ ដោយផ្អែកលើគោលការណ៍ និងច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលបានចូលរួមយកព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក អនឃួន សំអូន បន្តថាក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន ជប៉ុន បានធ្វើការថ្កោលទោសចំពោះសកម្មភាពដែលគំរាមកំហែងដល់ សន្តិភាពស្ថិរភាពសន្តិសុខ នៅក្នុងឧបទ្វីបកូរ៉េ ដែលភាគីកូរ៉េខាងជើងបានធ្វើការបាញ់មីសីុលជាច្រើនលើកមកនោះ។
ជាងនោះទៅទៀតមេដឹកនាំអាស៊ាន ជប៉ុន ក៏បានធ្វើការរួមគ្នាក្នុងការទាមទារឲ្យភាគីកូរ៉េខាងជើង ចូលរួមអនុវត្តនូវសេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឲ្យបានពេញលេញ។
មេដឹកនាំអាស៊ាន ជប៉ុន ក៏បាន ធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ជំុវិញសភាពការណ៍នៅសមុទ្រចិនខាងត្បូង។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន ក៏បានថ្លែងនូវអំណរគុណចំពោះជប៉ុន ដែលកន្លងមកតែងតែគាំទ្រចំពោះសមាហរណកម្មអាស៊ាន ការកសាងសហគមន៍អាស៊ាន ការតភ្ជាប់អាស៊ាន និងកិច្ចសហការលើអនុតំបន់របស់អាស៊ាន។
មេដឹកនាំអាស៊ាន បានស្នើឲ្យភាគីជប៉ុន គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការវិនិយោគជប៉ុននៅក្នុងប្រទេស អាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ជប៉ុន បានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មឲ្យឡើងទ្វេដង ក្នុងឆ្នាំ២០២២ ពិសេសធ្វើយ៉ាងណាឲ្យមានការចូលរួមពីវិស័យឯកជន និងសហគ្រាសធុនតូចនិងមធ្យម។
មេដឹកនាំអាស៊ានក៏បានធ្វើការកត់សំគាល់ នូវយុទ្ធសាស្រ្តសេរី និងបើកចំហនៅតំបន់អាស៊ីប៉ាស៊ីហ្វីករបស់ជប៉ុន ដែលស៊ីចង្វាក់ទៅនឹងផែនការមេនៃការតភ្ជាប់ឆ្នាំ ២០២៥ ក្នុងការចូលរួមចំណែកអភិវឌ្ឍក្នុងតំបន់អាស៊ាន និងអនុតំបន់របស់អាស៊ាន៕