(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងហ្សកដានី នៅលើទីលានពហុកីឡដ្ឋានជាតិ ម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់អាស៊ី AFC Asian Cup 2019 ហើយក៏ជំនួបសងសឹកផងដែរ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមជម្រើសជាតិហ្សកដានីក្រៅដី ៧-០ រួចមកកាលពីជើងទី១។
លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកការជួបហ្សកដានីល្ងាចនេះ គឺជាជំនួបដ៏តានតឹងបំផុត សម្រាប់លោកក្នុងអាជីពដឹកនាំបាល់ទាត់កន្លងមក។ លោកថា ហ្សកដានីជាក្រុមខ្លាំង មិនថាបច្ចេកទេស កលល្បិច ចិត្តសាស្ដ្រ ឬកម្លាំងទេ គឺអាចនិយាយបានថា មានប្រៀបជាងកម្ពុជា។ ប៉ុន្ដែលោកនៅតែមានជំនឿចិត្ត អមដោយមហិច្ឆតាចង់ឈ្នះ យ៉ាងហោចណាស់ក៏ស្មើ ដើម្បីសាងប្រវត្តិសាស្ដ្រមួយក្នុងវិស័យបាល់ទាត់កម្ពុជា។
អតីតគ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ីរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញថា «ក្នុងការលេងយើងត្រូវតែមានមហិច្ឆតា ទោះបីយើងដឹងពីកម្រិតសមត្ថភាពយើង ក្រោមគេក៏ដោយ គឺយើងត្រូវតែប្ដេជ្ញាយកឈ្នះ។ តែចំពោះខ្ញុំ គឺមិនបាច់ថា ដល់ឈ្នះទេ ឲ្យតែបានស្មើក្នុងការប្រកួតស្អែកនេះ វាគឺជាជោគជ័យប្រវត្តិសាស្រ្ដមួយក្នុងវិស័យបាល់ទាត់យើង»។
ដោយឡែកលោក Jamal Abu Abed គ្រូហ្សកដានី លើកឡើងថា ថ្វីដ្បិតជើងទី១ ក្រុមលោកឈ្នះកម្ពុជា ៧-០ ប៉ុន្ដែពេលនេះ លោកបានបំភ្លេចលទ្ធផលនោះហើយ ព្រោះលោកមិនអាចមើលស្រួលកម្ពុជានោះទេ ដោយសារកម្ពុជាសប្បូរដោយកីឡាករល្អៗច្រើន។ លោកថា «ទោះបីយ៉ាងណា យើងមិនអាចមើលស្រួលក្រុមកម្ពុជាបានទេ គឺយើងគោរពកម្ពុជា ដោយសារកម្ពុជាមានកីឡាករល្អៗច្រើន ហើយពួកគាត់ក៏មានឱកាសឈានឆ្ពោះទៅវគ្គបន្ដដែរ។ ដូច្នេះយើងត្រូវរៀបចំក្រុមឲ្យបានល្អ ដើម្បីស្វែងរក ៣ពិន្ទុបន្ថែម»។
សូមបញ្ជាក់ថា យុទ្ធនាការខាងលើ បច្ចុប្បន្នកម្ពុជា កំពុងឈរលេខរៀងទី៣ និងមាន ៣ពិន្ទុក្នុងពូល C តាមពីក្រុមជម្រើសជាតិហ្សកដានី និងវៀតណាម ដែលមាន ៨ពិន្ទុស្មើគ្នា ដែលធ្វើឲ្យក្រុមដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្នលោក ប្រាក់ សុវណ្ណារ៉ា ស្ទើរតែគ្មានសង្ឃឹមឡើងវគ្គបន្ដ ព្រោះការប្រកួតនៅសល់ ២ប្រកួតក្នុងដៃ រួមទាំងប្រកួតយប់នេះ៕