(ម៉ានីល, ហ្វីលីពីន)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី១៩ ដែលធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រមុខដឹកនាំអាស៊ានទាំង១០ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ជាពិសេសការបាញ់មីស៊ីលលើកទី៦ នាពេលថ្មីៗ។
ទន្ទឹមនឹងការព្រួយបារម្ភនេះ មេដឹកនាំអាស៊ាន ក៏បានស្នើឲ្យកូរ៉េខាងជើង ត្រូវតែអនុវត្តន៍ឲ្យបានពេញលេញចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប)។
ក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន និងមេដឹកនាំអាស៊ាន បានកត់សំគាល់រួមគ្នាពីការរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុការអនុវត្តផែនការសកម្មភាពនៃសេចក្តីប្រកាសរួមក្នុងភាពជាដៃគូសម្រាប់ឆ្នាំ២០១៦ និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន។
មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី២របស់អាស៊ាន និងជាប្រ ទេសដែលមកបណ្តាក់ទុនទី២ នៅអាស៊ាន។
ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ មជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ ក្នុងបណ្តា ប្រទេសអាស៊ាន ការជំរុញទេសចរណ៍ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ប្រធានាធិបតីកូរ៉េខាងត្បូង បានសំដែងការស្វាគមន៍ចំពោះការរីកចម្រើន របស់អាស៊ាននាពេលកន្លងមក ពិសេសការឈាន ឆ្ពោះទៅសំរេសសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគន្លាត់នៃការតភ្ជាប់ក្នុងតំបន់។
ប្រមុខរដ្ឋាភិបាលអាស៊ានបានស្វាគមន៍ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន កូរ៉េ ក៏បានចាត់ទុកថាឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌របស់អាស៊ាន កូរ៉េ ក្នុងការរួមចំណែកដល់ការពង្រឹង វប្បធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះវប្បធម៌នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពោលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួន៕