(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាចំនួន០២ ជាមួយភាគីចិន ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមានទាំងការកសាង និងថែមទាំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យស្រូវអង្ករ ដូចជាការសាងសង់ឡសម្ងួត ឃ្លាំងស្តុកស្រូវជាដើម។

ការអនុស្សរណៈយោគយល់​គ្នា​ទាំង២នេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិន តំណាងដោយធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) ក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation) និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះអនុស្សរណៈយោគយល់គ្នានេះ​ បានបញ្ជាក់ថា ការរៀបចំគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ជាផ្នែកមួយនៃការអនុវត្តគោល នយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យស្រូវ-អង្ករ ដែលប្រឈមនឹងតម្លៃស្រូវទាប ជាពិសេស នៅក្នុងរដូវប្រមូលផល និងកង្វះស្រូវសម្រាប់កែច្នៃនាំចេញ ជាពិសេស នៅក្រោយរដូវប្រមូលផល។

គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតប្រព័ន្ធ ឃ្លាំងសាធារណៈសម្រាប់ស្តុកស្រូវ-អង្ករ ដែលផ្អែកតាមការសិក្សាបឋម គម្រោងនឹងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ចំនួន១៥ឃ្លាំង មានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ១៩៥០០តោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ១លានតោន ស្ថិតក្នុងខេត្តចំនួន១១ ដែលមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ។ គម្រោងនេះ មិនត្រឹមតែមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ តែរួមទាំងមានប្រតិបត្តិការ និងការថែទាំល្អ និងប្រព័ន្ធគ្រប់គ្រងវត្ថុបញ្ចាំ ដើម្បីសម្របសម្រួលការផ្ដល់ឥណទាន ដោយប្រើប្រាស់ស្តុកស្រូវ-អង្ករជាវត្ថុបញ្ចាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

គម្រោងនេះមានលទ្ធផលរំពឹងទុកដូចតទៅ៖ បង្កើនសមត្ថភាព សម្ងួត និងស្តុកស្រូវ-អង្ករ ក្នុងបរិមាណ១លានតោន ទន្ទឹមគ្នានឹងការបង្កើនលទ្ធភាពទទួលឥណទាន សម្រាប់ពង្រីកទុនបង្វិល ដែលនឹងកាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ ស្រូវ បង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ បង្កើនតម្លៃបន្ថែម និងចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា ព្រមទាំងធ្វើឲ្យតម្លៃស្រូវមានស្ថិរភាពសម្រាប់កសិករ ។

តាមរយៈគម្រោងនេះដែរ វិស័យឯកជនអាចបង្វែរ ទុនរបស់ខ្លួនពីការវិនិយោគលើឃ្លាំងឯកជន ទៅប្រើប្រាស់ជាទុនបង្វិលវិញ ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃប្រកួតប្រជែង ។ នៅពេលដែលមានឃ្លាំងស្តុក និងឡសម្ងួតគ្រប់គ្រាន់ កសិករមិនចាំបាច់ ប្រញាប់ប្រញាល់លក់ស្រូវទាំងសើម ដោយគាត់អាចយកស្រូវទៅសម្ងួត ស្តុកក្នុងឃ្លាំង និងទទួលឥណទាន ហើយនៅពេលស្រូវមានតម្លៃសមរម្យ ទើបលក់ស្រូវទាំងនោះ។ តាមយន្តការទីផ្សារសេរីនេះ រាជរដ្ឋាភិបាល រៀបចំបរិស្ថានមួយ ដើម្បីឲ្យស្រូវ-អង្ករមានតម្លៃសមរម្យ ផ្តល់ផលចំណេញ ទាំងសម្រាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុកផ្សេងទៀត ។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជានឹងស្នើប្រើប្រាស់ឥណទានសម្បទានពីសាធារណដ្ឋប្រជាមានិតចិន ដើម្បី អនុវត្តគម្រោងនេះ ដោយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួត នៅទីកន្លែងចាំបាច់ទូទាំងប្រទេស ដើម្បីផ្តល់សេវាស្តុក និងសម្ងួត ជូនប្រជាកសិករ និងធុរជន ក្នុងតម្លៃទាប​សមរម្យដែលកសិករ និងធុរជនអាចទទួលយកបាន»។

បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច គម្រោងនេះ ពុំមានផលប៉ះពាល់ជាអវិជ្ជមានដល់យន្តការទីផ្សារសេរីក្នុងវិស័យស្រូវអង្ករទេព្រោះ៖ ១៖ មិនមានការសាងសង់រោងម៉ាស៊ីនកិនស្រូវបន្ថែម និង ២៖ មិនធ្វើការលក់ដូរស្រូវ-អង្ករដោយផ្ទាល់ ដែលអាចបង្កើតឲ្យមានការប្រកួតប្រជែងជាមួយឈ្មួញ និងអ្នកនាំចេញអង្ករទៅទីផ្សារក្រៅប្រទេសរបស់ផ្នែកឯកជន ។

ជារួមហេដ្ឋារចនាសម្ព័ន្ធ (ឃ្លាំងស្តុក និងឡសម្ងួត) និងការផ្តល់សេវាទាំងឡាយក្នុងក្របខ័ណ្ឌគម្រោង គឺសម្រាប់បំពេញតម្រូវការរបស់កសិករ និងវិស័យឯកជន បើសិនជាពួកគាត់ខ្វះសមត្ថភាពក្នុងការស្តុក និងសម្ងួត ឬត្រូវការស្នើសុំឥណទានដោយយកស្តុកស្រូវ-អង្ករ ធ្វើជាវត្ថុបញ្ចាំ ដោយ​មាន​គោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ នៃប្រទេស​ទាំងពីរ ដើម្បីធានាភាពជោគជ័យនៃគម្រោង៕