(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គ្រោះអគ្គិភ័យដែល ឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាកាឡូត ហ្គាមេន (Makalot Gaments) ដែលមានទីតាំងស្ថិតក្នុង សួនឧស្សាហកម្មវឌ្ឍនៈ ភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទាំងស្រុងហើយ ដោយបានបំផ្លាញរោងចក្រ និងសម្ភារៈក្នុងរោងចក្រទាំងស្រុង។
បើតាមសេចក្តីរាយការណ៍ករណីឆេះរោងចក្រនេះ កើតឡើងតាំងពីម៉ោង៤ជាងទៀបភ្លឺ ទើបរលត់វិញនៅម៉ោង៧៖៣០នាទីព្រឹក ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលចំនួន២០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កងពលតូចលេខ៧០ ចំនួន៥គ្រឿង។
ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាតគិតជាទឹកប្រាក់ មិនទាន់មានការបញ្ជាក់ឡើយនោះទេ៕