(ភ្នំពេញ)៖ នៅខណៈពេលនេះ ប្រតិភូដឹកនាំ គ្រូបង្វឹក និងអត្តពលិកទាំង ៤រូបរួមទាំងវិរកីឡាការិនី កែ ឡេង បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយបាននាំយកមេដាយ ២គ្រឿង (មាស១ និងសំរឹទ្ធ១) មកជាមួយផងដែរ ក្រោយបញ្ចប់បេសកកម្មប្រកួតជើងឯកពិភពលោក ផ្នែកកីឡាប៉េតង់ ឆ្នាំ២០១៧ នៅប្រទេសចិន។

ដើម្បីជាការស្វាគមន៍ និងអបអរសាទរចំពោះម្ចាស់មេដាយមាស សំរឹទ្ធដែលបានជួយលើកកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ ក្បួនម៉ូតូធំចំនួន ១២គ្រឿងនឹងដង្ហែអត្តពលិកជម្រើសជាតិទាំង ៤រូបនៅតាមដងផ្លូវធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ថែមលើនេះ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់មេដាយសម្រិតពិភពលោក មេដាយមាស នឹងទទួលបានប្រាក់រង្វាន់ ១២០លានរៀល មេដាយប្រាក់ ៨០លានរៀល និងមេដាយសំរឹទ្ធ ៦០លានរៀល។

សូមរំលឹកផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកកីឡាប៉េតង់ផ្នែកនារី ៤រូប (កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម) ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០១៧ នៅទីក្រុង Kaihua ប្រទេសចិន ដែលមាន ៤៣ប្រទេសចូលរួម។ សម្រេចជាលទ្ធផលកីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស ១គ្រឿង ដែលជាមេដាយធ្លាប់ឈ្នះ ២សម័យកាលជាប់គ្នាគឺក្នុងឆ្នាំ២០១៣ នៅបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនពេលចាប់ដៃគូវាយ ៣នាក់ទល់នឹង ៣នាក់ បានឈ្នះត្រឹមមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្រោយចាញ់ក្រុមកីឡាការិនីបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕