(សៀមរាប)៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង តំណាងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ និងថវិកា ចែកជូនដល់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមឲ្យប្អូនៗទាំងបីឆាប់បានជាសះស្បើយ ដើម្បីបានទៅបម្រើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ រួមទាំងក្រុមគ្រួសារដែលបានបែកបាក់បាត់ដំណឹងគ្នាជាយូរ ដោយសារសង្គ្រាម ដើម្បីឲ្យបានជួបជុំគ្រួសារ ញាតិមិត្តគាត់វិញផងដែរ។
លោកស្រី ក៏បានបន្តថា ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ពីព្រោះថាសុខភាព គឺជាកត្តាដ៏ចំបងសម្រាប់ មនុស្សជាតិយើងគ្រប់រូបក្នុងជីវិតប្រចាំថ្ងៃ ហើយនៅពេលមានបញ្ហាសុខភាព ក៏ធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបាត់បង់នូវពេលវេលាកិច្ចការប្រកបការងារ និងបាត់នូវប្រាក់ចំណូលក្នុងគ្រួសារទៀតផង។
ដើម្បីរក្សាបាននូវសុខភាពល្អ ពលរដ្ឋគ្រប់រូបក៏ត្រូវគោរពឲ្យបានក្នុងការថែរក្សា អនាម័យ បរិស្ថាន ការបរិភោគ គឺផឹកស្អាត ហូបស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកា ក្នុងក្រុមគ្រួសារទៀតផង ដូច្នេះនាបច្ចុប្បន្ននេះ ស្ថិតក្រោមដំបូលសុខាសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវមណ្ឌលសុខភាព នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ ដើមី្បធ្វើឲ្យសេវាសុខាភិបាល កាន់តែនៅជិតបងប្អូនជានិច្ច។
ក្នុងឱកាសនោះ លោកស្រីបានឧបត្ថម្ភដល់អ្នកជំងឺ៦០នាក់ មា្នក់ៗទទួលបាន ឃីត១កញ្ចប់ មានមី១កេស នំ១ធុង ត្រីខ១យូរ ទឹកគោខាប់២កំប៉ុង ថ្នាំដុសធ្មេញ១ទីប ច្រាស់ដុសធ្មេញ ១ដើម និងថវិកា៥ម៉ឺនរៀល៕