(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងអស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទួលអំណោយសប្បុរសធម៌ អង្ករ១០តោន, ភួយ១,០០០ និងមុង៣០០ ជាអំណោយសប្បុរសធម៌របស់ក្រុមរ៉ូតារី អង្គរ។
លោកស្រី អា ណា អគ្គនាយកក្រុមហ៊ុនរ៉ូតារីអង្គរ បានបញ្ជាក់ថា នៅជារៀងរាល់ឆ្នាំក្រុមរ៉ូតារី អង្គរ តែងតែបានចូលរួមជាមួយចលនាមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដោយផ្ទាល់ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំងស្ត្រី និងទារក។ ជាក់ស្ដែងថ្ងៃនេះ ក្រុមរ៉ូតារីអង្គរ ក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករចំនួន១០តោន ភួយ១ពាន់ និងមុង៣០០ មកប្រគល់ជូនសាខាកាកបាទក្រហមខេត្ត ក្នុងការចូលរួមជាមួយសកម្មភាព នៃចលនាកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ នៅភូមិសាស្ត្រខេត្តសៀមរាប។
លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅពេលដែលប្រជាពលរដ្ឋកម្ពុជា ជួបនូវទុក្ខលំបាក ក្រុមរ៉ូតារី អង្គរ តែងតែចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នូវគ្រប់សកម្មភាពចលនាមនុស្សធម៌ ហើយក្រុមរ៉ូតារី អង្គរ គឺនៅតែបន្តចូលរួមកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្តផងដែរ។
ក្នុងនាមលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, លោកស្រី គួយ ណាលីន បានសម្តែងនូវអំណរអរគុណដល់ទឹក ចិត្តសប្បុរសធម៌ របស់លោកស្រីនាយក និងបុគ្គលិក ក្រុមរ៉ូតារីអង្គរ ដែលសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាក និងជនងាយរងគ្រោះ មានជីវភាពខ្វះខាតក្រីក្រ។
លោកស្រី គួយ ណាលីន ក៏បានគូសបញ្ជាក់ថា ដោយតម្រូវការក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ សាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជន ដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារៈ ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើម្បីមានលទ្ធភាព ជួយដល់គ្រួសារជនរងគ្រោះ នៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប។
អំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ផ្តល់ជូនដល់ដៃបងប្អូនរងគ្រោះ នៅពេលដែលមានកើតគ្រោះមហន្តរាយណាមួយ នៅក្នុងខេត្តសៀមរាប៕