(កំពង់ស្ពឺ)៖ បន្ទាប់ពីផ្ដួចផ្ដើមបង្កើតឲ្យមានសមាគមយុវជនខ្មែរ ប្រចាំទីក្រុងម៉ែលប៊ន នៅប្រទេសអូស្ដ្រាលី ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមការងារសមាគមយុវជនក្រៅប្រទេសនេះ បានដឹកនាំជំនួយទទួលបានពីគ្រួសារខ្មែរ នៅរស់ទីក្រុងម៉ែលប៊ន ជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងចំនួន៦គ្រួសារ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
កម្មវិធីផ្ដល់ជំនួយសប្បុរសធម៌នេះ គឺដឹកនាំដោយលោក កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ និងជាសមាជិកសមាគមយុវជនខ្មែរ ប្រចាំទីក្រុងម៉ែលប៊ន។
ជាមួយគ្នានោះ លោកបានឲ្យដឹងថា សមាគមយុវជនក្រៅប្រទេសនេះ គឺកើតឡើងដោយសារការផ្ដួចផ្ដើមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយជំនួយសប្បុរសធម៌ ដែលផ្ដល់ជូនគ្រួសារក្រីក្រក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឹ គឺទទួលបានពីគ្រួសារលោក ណារី សារ៉ា រស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី ដែលបានបង្កើតមូលនិធិនេះ កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោកបានបន្តទៀតថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ឆ្លៀតក្នុងឱកាសនោះ ក្រោយទទួលបានអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាពីខាងលើ នេះតំណាងគ្រួសារចាស់ជរា គ្មានទីពឹងទាំង ៦គ្រួសារ បានសម្ដែងនូវក្ដីរំភើបរីករាយក្រែលែង ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងគ្រួសារលោក ណារី សារ៉ា ដែលបានយកចិត្តទុកដាក់ ចំពោះគ្រួសារក្រីក្រឲ្យមានជីវភាពប្រសើរឡើងវិញ ។
លោក កាន វឌ្ឍនា បានបញ្ជាក់ថា សម្រាប់ការផ្ដួចផ្ដើមគំនិតបង្កើតសមាគមយុវជនខ្មែរ ទីក្រុងម៉ែលប៊នខាងលើនឹងបន្ដបេសកកម្ម ស្វែងរកជំនួយជួយដល់គ្រួសារក្រីក្រទូទាំងប្រទេសកម្ពុជា ជាបន្ដបន្ទាប់ទៀត តាមរយៈសកម្មភាពផ្ដល់ជូនអណ្ដូងទឹក ជួយដល់មន្ទីរពេទ្យ និងសកម្មភាពសប្បុរសធម៌ ក្នុងសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជីវភាព ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត ៕