(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច សូមប្រកាសបដិសេធចោលទាំងស្រុង នូវពាក្យសម្ដីលោក លឺ ឡាយស្រេង ដែលបានចោទប្រកាន់ដោយអយុតិ្ដធម៌មកលើ សម្ដេចក្រុមព្រះ នរោត្តម រណឬទិ្ធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថា បានទទួលសំណូកចំនួន២ម៉ឺនដុល្លារ ពីមន្ដ្រីហ៊្វុនស៊ិនប៉ិចម្នាក់ៗ ដែលបានដំណែងនៅក្នុងរដ្ឋសភាតាំងពីអាណត្តិទី១ និងទី២ និងយកលុយ១០ម៉ឺនដុល្លារ ជាថ្នួរក្នុងការផ្ដល់តួនាទីអភិបាលខេត្តកន្លងមកនោះ គឺជាការភូតកុហកបោកប្រាស់ ផ្ទុយពីការពិតទាំងស្រុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គណបក្សរាជានិយមមួយនេះ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានធ្វើឡើង បន្ទាប់ពីលោក លឺ ឡាយស្រេង បានធ្វើការចោទប្រកាន់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា «កិច្ចសម្ភាសន៍របស់លោក លឺ ឡាយស្រេង ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឡើងក្នុងគោលបំណងបង្ខូចព្រះកិត្តិនាម សម្ដេចក្រុមព្រះ នរោត្ដម រណឬទិ្ធ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្លូររបស់គណបក្សហ៊្វុនស៊ិនប៉ិច បង្កឲ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ពីសំណាក់មហាជនគ្រប់ស្រទាប់ជាន់ថ្នាក់»។
គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការថោ្កលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើពាក្យសម្ដី របស់លោក លឺ ឡាយស្រេង ដែលផ្ទុយពីការពិតទាំងស្រុង ដែលសាមីខ្លួនត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច៖