(សៀមរាប)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបក្នុងករណីលួចបើកទីតាំងលក់ឱសថ និងអាហាបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។
ជាលទ្ធផលការចុះបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចបានពិនិត្យ និងដកហូតយកវត្ថុតាងមួយចំនួនរួមមានទី១៖ ឱសថបំប៉នសុខភាព៣មុខ មានចំនួន៩៨កំប៉ុង ស្មើនឹង២,៩៤០គ្រាប់, ទី២៖ គ្រឿងសំអាង ចំនួន៧មុខមានចំនួន៧៦ប្រអប់។
ក្នុងកិច្ចប្រតិបត្តការនេះ ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុបិទ ទីតាំងជាបណ្ដោះអាសន្ន និងបាននាំខ្លួនម្ចាស់ឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន, និងឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំអំពីផលិតផល របស់ក្រុមហ៊ុនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ចំពោះវត្ថុតាងត្រូវបានប្រគល់ទៅឲ្យមន្ត្រី នៃមន្ទីរសុខាភិបាលខេត្ត យកទៅដុតកំទេចចោលភ្លាមៗតែម្តង៕