(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងលើកទី២២ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ នឹងមានអ្នកចូលរួម ប្រកួតប្រជែងប្រមាណជិត៩ពាន់នាក់ ដោយក្នុងនោះមានជនបរទេស ប្រមាណជាង៤ពាន់នាក់ ដែលមកពី៧៦ប្រទេស។
ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២២ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងថា «នៅក្នុងឆ្នាំនេះ មិនមានអ្វីប្លែកខុសពីឆ្នាំមុននោះឡើយ តែកំណើនអ្នកចូលរួមប្រកួតប្រជែង គឺកើន១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ឆ្នាំមុនមានប្រមាណតែជាង៨ពាន់នាក់បន្ដិចបន្ដួចតែប៉ុណ្ណោះ តែឆ្នាំនេះមានជិត៩ពាន់នាក់ តែរហូតមកដល់ឥឡូវ នៅតែមានការបន្ដចុះឈ្មោះបន្ថែមទៀត»។
លោកបន្ដទៀតថា «ជាតួលេខត្រួសៗយើងទទួលបាន អ្នកចូលរួមប្រមាណជា៨៧៨៦នាក់ ដោយក្នុងនោះមានបរទេស ចំនួន៤៤៧៣នាក់ ដែលមកពី៧៦ប្រទេស ក្នុងនោះមានប្រទេសអង់គ្លេស ចូលមកប្រកួតច្រើនជាងគេ មានរហូតដល់ទៅជាង៦០០នាក់ ប្រទេសបារាំងក៏ចូលរួមប្រហាក់ប្រហែលនឹងអង់គ្លេសដែរ និងសហរដ្ឋអាមេរិក មានប្រមាណជា៤ពាន់នាក់»។
លោកបានបញ្ជាក់ទៀតថា ផ្អែកទៅលើការរីកចំរើនលើវិស័យសេដ្ឋកិច្ច និងសង្គមផងនោះសបញ្ជាក់ថា ព្រឹត្តិការណ៍នេះកាន់តែល្អប្រសើរ កាន់តែទទួលបានការទាក់ទាញបន្ថែមទៀត។
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Manulife ព្រមទាំងរៀបចំ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយកម្មវិធីនេះ មានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពព្រមទាំងរៃអង្គាស មូលនិធិមនុស្សធម៌ ដើម្បីគាំទ្រដល់អង្គការ ដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះ ដោយគ្រាប់មីននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានមន្ទីរពេទ្យកុមារ គន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀត នៅក្នុងប្រទេសកម្ពុជា។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife បានថ្លែងថា គោដៅចម្បងរបស់ក្រុមហ៊ុន Manulife គឺជួយកសាងអនាគតដ៏ប្រសើរជាងមុន សម្រាប់ក្រុមគ្រួសារកម្ពុជា។ ការរស់នៅប្រកបដោយសុខភាពល្អ មានសារៈសំខាន់ណាស់ ក្នុងការជួយយើងឲ្យសម្រេចបាននូវទស្សនវិស័យ រយៈពេលវែងនេះ។ ហេតុដូច្នេះហើយទើបក្រុមហ៊ុនខិតខំប្រឹងប្រែង លើកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្មនៅក្នុងសហគមន៍កម្ពុជា។
លោកបានបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ យើងមានការតាំងពិព័រណ៍មួយ ដែលមានឈ្មោះ Manulife Move Fitness Fair ដែលកម្មវិធីនោះនឹងមានសកម្មភាពកម្សាន្ដជាច្រើន ទាក់ទងនឹងការលើកកម្ពស់ ការរស់នៅប្រកបដោយសុខភាពល្អ។ កម្មវិធីតាំងពិព័រណ៍នេះ នឹងបើកសម្រាប់អ្នកចូលរួមរត់ប្រណាំង ភ្ញៀវទេសចរ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងអំឡុងពេលចុងសប្ដាហ៍ នៃព្រឹត្តិការណ៍
រត់ប្រណាំងនេះ។
សូមជម្រាបថា ការរត់ប្រណាំងនេះនឹងចាប់ផ្ដើមនៅម៉ោង ៥៖៥០នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុងចម្ងាយប្រកួតចំនួន៣ប្រភេទ ដែលក្នុងនោះមានចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ឬ៣គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៦មក។ ដោយទិវានេះមានការទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីគាំទ្រដល់ជនរងគ្រោះ ដោយសារគ្រាប់មីននៅកម្ពុជា។ ការរត់ប្រណាំនេះធ្វើឡើង នៅក្នុងតំបន់ប្រាសាទអង្គរវត្ត ដែលជាតំបន់ បេតិកភ័ណ្ឌពិភពលោក ហើយត្រូវរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ការលើកទឹកចិត្ត និងក្ដីសង្ឃឹមដល់ជនរងគ្រោះទាំងនោះព្រមទាំង
អំពាវនាវដល់ពិភពលោកឲ្យគាំទ្រ ដល់ការហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សជាតិ៕