(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកការបង្ក្រាបហាងស្តុក និងចែកចាយសាប៊ូក្លែងបន្លំពាណិជ្ជសញ្ញា (ម៉ាក) និងគ្មានច្បាប់អនុញ្ញា (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) ជាង១១តោន នៅផ្ទះលេខ ០៩Eo ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
មន្ត្រីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានលោកឧត្តមសនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ជាអ្នកដឹកនាំផ្ទាល់ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចដដែលបានបន្តថា ម្ចាស់ហាងល្មើសច្បាប់ខាងលើនេះ មានឈ្មោះ តៅ ប្រសិទ្ធ អាយុ៣៨ឆ្នាំ ប៉ុន្តែក្នុងពេលចុះឆែកឆេរនោះ ម្ចាស់ហាងមិននៅនោះទេ នៅតែអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ញឹម ស៊ីណា។
ក្រោយការឆែកឆេរជាក់ស្តែងរួចមក កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងជាច្រើន រួមមាន៖ សាប៊ូក្លែងបន្លំម៉ាក Viera និងម៉ាក Lavita ចំនួន១៣កេះ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ពេជ្រ ប៊ី ធី ហើយថែមទាំងរកឃើញសាប៊ូជាង ១០មុខទៀត ដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាតជិត ៨០០កេះទៀត ស្មើនឹងជាង ១០តោន សរុបផលិតផលខុសច្បាប់ទាំងអស់មានជាង ១១តោន។
ចំពោះវត្ថុតាងទាំងអស់ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យកម្លាំងសមត្ថកិច្ចដកហូតសាប៊ូក្លែងបន្លំម៉ាក Viera និង Lavita ចំនួន១៣កេះ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រៅពីនោះ កម្លាំងសមត្ថកិច្ចបានវិចខ្ចប់ទុកដាក់ក្នុងហាងខាងលើ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ។
ក្រោយប្រតិបត្តិការនេះហើយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនតំណាងម្ចាស់ទីតាំងឈ្មោះ ញឹម ស៊ីណា ទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកសាងសំណុំបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕