(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត និងកម្លាំងនគរបាលស្រុក បានឆ្មក់ចូលឆែកឆេរផ្ទះលក់សាច់សត្វព្រៃមួយកន្លែង ស្ថិតនៅចំណុចផ្ទះលក់ផ្សិតក្រៀម៩៩៩ ក្នុងភូមិចេក (ស្រែខ្លុង) ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតសត្វព្រៃជាច្រើនប្រភេទផងដែរ។
បើតាមមន្រ្តីអាវុធហត្ថ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ សៀក សុជាតិ អាយុ៣២ឆ្នាំ។
មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ក្រោយពីឆែកឆេររួច កម្លាំងបានរឹបអូសសត្វព្រៃជាច្រើនមុខរួមមាន៖ ពង្រូលរស់១ក្បាល (ទម្ងន់៦,១០ គីឡូក្រាម), អន្សងរស់១ក្បាល (ទម្ងន់៣,១០ គីឡូក្រាម), អណ្តើកភ្នំរស់ចំនួន៨ក្បាល (ទម្ងន់៨,៥០គីឡូក្រាម), អណ្តើកផ្កាយរស់ចំនួន១ក្បាល (២គីឡូក្រាម), សំពោចក្រអូបងាប់ចំនួន២ក្បាល (ទម្ងន់១,៣០គីឡូក្រាម), សំពោចវល្លិ៍ងាប់ ចំនួន២ក្បាល (ទម្ងន់៣,៥០គីឡូក្រាម), ពង្រូលងាប់១ក្បាល (ទម្ងន់២.២០គីឡូក្រាម), ក្បាលប្រើសជាប់ស្នែងចំនួន១ក្បាល, ឆ្អឹងក្បាលកេងកង ចំនួន១ក្បាល, សាច់ឈ្លូសស្រស់ (ចំនួន១គីឡូក្រាម), ឆ្អឹងឈ្លូសក្រៀម (ទម្ងន់ ៣គីឡូក្រាម), ក្រចកខ្លាឃ្មុំ (ចំនួន៤១ក្រចក), ខ្នាយជ្រូកព្រៃ (១១ខ្នាយ), ចង្កូមឆ្កែព្រៃ (២៣ចង្កូម), ឈាមរញីលាយស្រា ចំនួន (១.៥០លីត្រ), ឈាមឈ្លូសលាយស្រា (ចំនួន៤លីត្រ)។
បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ គីរីវន្ត័ ឯជនសង្សយ័កំពុងកសាងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ថា ចំណុចខាងលើជាតំបន់លក់សាច់សត្វ ឆ្អឹងសត្វ រួមទាំងវត្ថុខុសច្បាប់ជាច្រើនប្រភេទ ហើយកន្លងមកក៏មានការបង្ក្រាបបន្តបន្ទាប់ តែក៏មានផ្ទះខ្លះបន្តលក់យ៉ាងរំភើយ ដោយគេហាក់មានខ្សែខ្នង ឬបក្សពួកដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្ក្រាបផងដែរ៕