(ភ្នំពេញ)៖ វិទ្យាស្ថានបារាំងនៅកម្ពុជា និងសាលា NIRA International School រួមគ្នាបង្កើតថ្នាក់សិក្សាភាសាបារាំងសម្រាប់កុមារតូច។ កិច្ចព្រមព្រៀងចងកាតព្វកិច្ចរវាងសាលាទាំងពីរត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រោមវត្តមានលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា។
ដោយមានតម្រូវការកើនឡើង និងដោយយកចិត្តទុកដាក់គិតគូទៅដល់ការពង្រីកសេវាជូនឪពុកម្ដាយ ឥឡូវនេះ NIRA International School ចាប់ផ្ដើមបើកទទួលថ្នាក់សិក្សាភាសាបារាំងសម្រាប់កុមារអាយុចន្លោះពី៣ឆ្នាំ ដល់ ៧ឆ្នាំ តទៅនេះហើយ។
ថ្នាក់សិក្សានេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជាដែលពង្រីកសកម្មភាពរបស់ខ្លួនឆ្ពោះទៅកាន់តំបន់ទួលគោក តាមរយៈការចែករំលែកជំនាញ និងធនធានសាស្រ្តាចារ្យរបស់ខ្លួន។
តាមរយៈការព្រមព្រៀងប្រកបដោយកិត្យានុភាពនេះ NIRA International School បន្តបេសកកម្មដ៏ឧត្ដុងឧត្ដមរបស់ខ្លួននៅក្នុងវិស័យអប់រំ។ ដូច្នេះ សិស្សានុសិស្ស ដែលជាបណ្ដូលនៃរាល់សេចក្ដីសម្រេចទាំងអស់ នឹងទទួលបានឧបករណ៍បន្ថែមនៅក្នុងកម្មវិធីសិក្សារបស់ពួកគេ។
ថ្នាក់សិក្សានេះបើកជូនសម្រាប់គ្រប់គ្នា ទាំងសិស្សរបស់សាលា NIRA ក៏ដូចជា សិស្សមកពីខាងក្រៅផងដែរ។ វគ្គនីមួយៗមាន ៣០ ម៉ោង ដែលចែកចេញជា ៣ ម៉ោងក្នុងមួយសប្ដាហ៍។ ពីម៉ោង ១៦ និង៣០ នាទី ដល់ ម៉ោង ១៧ និង៣០ នាទី រៀងរាល់ថ្ងៃច័ន្ទ ពុធ និងសុក្រ។ តម្លៃសិក្សា គឺ ១០០ ដុល្លារអាមេរិក ក្នុងមួយវគ្គ។
សូមបញ្ជាក់ថា វិទ្យាស្ថានបារាំងនៅកម្ពុជាបានចាប់បើកដំណើរការនៅក្នុងឆ្នាំ ១៩៩០ ក្រោមឈ្មោះថា Alliance Française (អាលីយ៉ង់បារាំង) ក្រោយមកត្រូវបានប្ដូរឈ្មោះទៅជា Centre culturel français (មជ្ឈមណ្ឌលវប្បធម៌បារាំង)។ ក្នុងឋានៈជាប្រតិបត្តិករនៃក្រសួងការបរទេស វិទ្យាស្ថាននេះដើរតួនាទីជាតួអង្គមួយក្នុងចំណោមតួអង្គចម្បងៗនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈ និងសាកលវិទ្យាល័យបារាំងនៅកម្ពុជា។ ទន្ទឹមនឹងនេះ វិទ្យាស្ថានក៏រ៉ាប់រងលើតួនាទីផ្សព្វផ្សាយសៀវភៅ ភាពយន្ត និងភាសាបារាំង ព្រមទាំងចំណេះដឹង និងគំនិតផងដែរ។
ស្ថិតនៅចន្លោះរវាងស្ថានទូតបារាំង និងអង់តែនទួលគោក NIRA International School ជាសាលាឯកជនមួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ដើម្បីផ្ដល់ការបង្រៀនថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា៕