(ម៉ានីល, ហ្វីលីពីន)៖ នៅចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកជាច្រើនទៀត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិនជ្រៀតជ្រែកដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ ។ (ស្តាប់ការថ្លែងសុន្ទរកថាដ៏ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខប្រធានាធិបតីអាមេរិក និងមេដឹកនាំពិភពលោក)
នៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងប្រទេសវៀតណាម នៅសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា «យើងនឹងសហប្រតិបត្តិការក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក និងចែករំលែកផលប្រយោជន៍គ្នាទៅវិញទៅមក។ យើងគោរពឯករាជ្យភាព និងអធិបតេយ្យនៃប្រទេសជាតិ របស់អ្នក។ យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យ ដោយខ្លួនឯង ចាក់ឬសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើនៃប្រជាជនអ្នក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា បន្ទាត់នយោបាយរបស់លោក ត្រាំ នេះ នឹងធ្វើឲ្យអាមេរិកមានមិត្តភក្តិកាន់តែច្រើន។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់លោក ដូណាល់ ត្រាំ ផងដែរថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាននឹងកំពុងដើរផ្ទុយពីបន្ទាត់នយោបាយរបស់លោក ដូណាល់ ត្រាំ ហើយកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាមួយប្រសាសន៍ដោយមិនខ្លាចរអា និងនិយាយដោយត្រង់ៗនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាដូច្នេះថា៖
«ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រឹត្យទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ ចំណុចនេះខ្ញុំចង់ជម្រាបជូនឯកឧត្តមថា សហរដ្ឋអាមេរិក បើអនុវត្តន៍តាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ អាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងស្រឡាញ់។ ហើយរយៈពេលកន្លងទៅនេះ ខ្ញុំសូមជម្រាបថា ប្រទេសនៅទីនេះ ខ្ញុំគិតថា គ្រាន់តែមានអ្នកហ៊ាននិយាយ ឬមិនហ៊ាននិយាយតែប៉ុណ្ណោះ គឺនៅត្រង់ថា រដ្ឋកាលមុនៗគេបានប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត។ ឥឡូវកំពុងបន្តក្លាយជាជនរងគ្រោះដោយសារតែសកម្មភាពរបស់អ្នកខាងក្រោម ដែលដើរខុសពីបន្ទាត់នយោបាយរបស់ឯកឧត្តម»។
សម្តេចតេជោ បន្តថា «នយោបាយរបស់ឯកឧត្តមកំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូត [អាមេរិក] នៅទីក្រុងភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់ យើងខ្ញុំអនុវត្តន៍នូវការអនុវត្តន៍ច្បាប់របស់ប្រទេស ត្រូវបានគេរារាំង។ ចំណុចនេះខ្ញុំគិតថា ប្រហែលជាឯកឧត្តមមានភារកិច្ច ដើម្បីនឹងដាស់តឿនជាមួយមន្រ្តីទាំងឡាយ ព្រោះរឿងនេះជាគោលការណ៍ធំណាស់ទាក់ទងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង»៕