(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «យើងត្រូវរួមគ្នាការពារសុខសន្តិភាពនេះឲ្យបាន ជារៀងរហូតដើម្បីទទួលបាននូវការអភិវឌ្ឍ។ ហើយនៅលើលោកនេះ មិនដែលមាននរណាយកប្រជាធិបតេយ្យមកដាក់ចាប់ ហែកចែកគ្នាបែបនេះទេ ហើយយើងត្រូវមានមោទនភាពជាតិរបស់យើងដែលមានដូចសព្វថ្ងៃនេះ ហើយគ្មាននរណានឹកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពដូចសព្វថ្ងៃនេះឡើយ»។
លោក ឃួង ស្រេង ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានដាក់លូនៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងខណ្ឌសែនសុខ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧នេះ ដោយលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជា មានសន្តិភាព ពេញលេញនៅត្រឹមឆ្នាំ២០០៨ រហូតមកដល់ថ្ងៃនេះ មានរយៈពេល១៩ឆ្នាំហើយ។ សហរដ្ឋអាមេរិក ជាប្រទេសប្រជាធិបតេយ្យ ដែលបានពួនជ្រុំ២៥០ឆ្នាំមកហើយ ហើយពួកគេបានប្រជាធិបតេយ្យមួយផ្ទាំង របស់សហរដ្ឋអាមេរិក មកឲ្យកម្ពុជាធ្វើតាមគេភ្លាម ធ្វើវាអត់បានភ្លាមទេ វាមិនដែលយកកូនក្មេង ទៅរៀនភ្លាម ហើយឲ្យប្រឡងបាក់ឌុបនោះទេ ដូច្នេះត្រូវតែរៀនចាប់ពីថ្នាក់ទី១ឡើងទៅ។
លោក ឃួង ស្រេង បានបន្តថា «មានក្រុមមនុស្សមួយចំនួន ចេះតែនិយាយថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខ្សោយណាស់បើមិនខ្សោយពីព្រោះ តែកម្ពុជា ទើបតែមានសុខសន្តិភាពមាន រយៈពេល១៩ឆ្នាំប៉ុណ្ណោះ ហើយយកកម្ពុជា ទៅប្រៀបជាមួយនឹងអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យ ជាង២៥០ឆ្នាំមកហើយ»។
លោក ឃួង ស្រេង បានបញ្ជាក់ថា «សមិទ្ធផលដែលយើងបាននាពេលនេះ អត់មានបាតដៃបក្សប្រឆាំងណាមួយមកជួយទេ បច្ចុប្បន្ននេះ ថ្ងៃនេះ គ្មានបាតដៃបក្សប្រឆាំង មកជួយអភិវឌ្ឍន៍ទេ ប៉ុន្តែមានបងប្អូនមួយចំនួនមានការយល់ច្រឡំនៅពេលដែលឃើញគេនិយាយល្អក៏បោះឆ្នោត ឲ្យគេអ្នកដែលចាំ តែនិយាយ គឺសុទ្ធតែល្អប៉ុន្តែអ្នកធ្វើ គឺមានខុសមានត្រូវមានឆកល្វែងអ្នកដែលល្អបំផុត គឺអ្នកមិនដែលធ្វើនិយាយអ្វីក៏ត្រូវព្រោះ មានអណ្តាត ចាំតែគ្រលាស់»។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា មន្រ្តីរាជការទាំងអស់ចាប់ពីឆ្នាំភូមិឡើងទៅ ក្លាយខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ ប៉ុន្តែនៅមានការប្រទាំងប្រទើសខ្លះ នៅថ្នាក់ភូមិ ថ្នាក់សង្កាត់ រហូតដល់ថ្នាក់ក្រោមជាតិ នឹងធ្វើការកែសម្រួលបន្តទៅទៀតហើយជាពិសេស ត្រូវតែមានវិធានការចំពោះជនខិលខូចដែលមិនបានយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ដោយត្រូវធ្វើការកែលម្អទៅមុខទៀត៕