(ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាឃុំ​ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។​

លោក សំរិត ឡៃ សមាជិកក្រុមប្រឹក្សាឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។

តាមលិខិតដែលអង្គភាព Fresh News ទទួលបានលោក សំរិត ឡៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានយល់ច្បាស់ពីសារជាតិ នៃគណបក្សសង្គ្រោះជាតិ ដែលជានិច្ចជាកាលតែងតែលាបពណ៌ បំភ្លៃការពិត ញុះញង់ បំបែកបំបាក់ លួចលាក់ ឃុបឃិត ជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ថែមទៀត ធ្វើឲ្យរូបខ្ញុំអស់ជំនឿចិត្តលើគណបក្សសង្គ្រោះជាតិ តទៅទៀត»

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖