(កំពង់ធំ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងក្រុមការងារបានប្រគល់ផ្ទះ១ខ្នង ធ្វើពីឈើជញ្ជាំងស័ង្កសី ក្រាលក្តា ដំបូលស័ង្កសី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ដែលចំណាយប្រាក់អស់ជិត៥លានរៀល ជូនគ្រួសារទីទ័លក្រ ជាស្ត្រីមេម៉ាយ ឈ្មោះ វន រ៉េត អាយុ៣៧ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន៤នាក់ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ឆ្នាំង ២ធុងទឹកចំណុះ៨០ចំនួន១, ធុងចំរោះ១, ការដុង១, និងកន្ទេល១។
លោក សុខ លូ បានថ្លែងថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងសប្បុរជនជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ដែលជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា តែងតែប្រារព្ធធ្វើពិធី៨ ឧសភា ដើម្បីប្រមូលថវិកា និងសម្ភារសម្រាប់ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក «ទីណាមានទុក្ខលំបាកទីនោះតែងតែមាន កាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច»។
លោក សុខ លូ និងលោក ឈុន ឈន់ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ផឹកទឹកស្អាត ហូបស្អាត រស់នៅមានអនាម័យដើម្បីបញ្ជៀស ជំងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ហើយចាំបន់ស្រន់តាមទំនៀមទំលាប់ប្រពៃណីជាក្រោយ និងទំលាប់ហូបស្អាត រស់នៅស្អាត ផឹកស្អាតជានិច្ច។
ទន្ទឹមនឹងនោះ ក្រុមការងារចែកអំណោយមនុស្សធម៌ ដល់គ្រួសារយោធិន គ្រួសារទីទ័លក្រ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ, មី១កេស, ឃីដ១កញ្ចប់ ជាមួយគ្នានោះដែរ លោក សុខ លូ ជួយឧបត្ថម្ភនូវ ថ្មធំ៤០ម៉ែត្រគូប ថ្មតូច៣០ម៉ែត្រគូប ស៊ីម៉ង់ត៍៥តោន ដល់វរៈសេនាតូចលេខ១ នៃប្រតិបត្តិការ សឹងរងខេត្តកំពង់ធំ ដើម្បីសាងសង់ផ្ទះបាយ។
ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕