(សៀមរាប)៖ តាមរបាយការណ៍របស់ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ អាចសាងសង់ និងជួសជុលសំណង់តូចៗ របស់ខ្លួនបានចំនួន ៣១ករណី។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមការអនុញ្ញាតឱ្យសាងសង់ និងជួសជុលតូចតាចទាំង៣១ករណីនោះ មាននៅស្រុកប្រាសាទបាគង ៤ករណី ស្រុកពួក ៣ករណី ក្រុងសៀមរាប ២ករណី និងស្រុកបន្ទាយស្រី ២២ករណី ហើយការអនុញ្ញាតទាំងនេះ គឺធ្វើឡើងក្រោយពីក្រុមការងារចុះទៅពិនិត្យឃើញថា ជាប្រជាពលរដ្ឋចាស់ និងតម្រូវការជាក់ស្តែង។
ក្រៅពីការងារអនុញ្ញាតសាងសង់ និងជួសជុលហើយនោះ ក្រុមការងារសហគមន៍ ក៏បានជួយការងារមួយចំនួនផងដែរ រួមមាន៖ ការងារមនុស្សធម៌ និងកម្មវិធីផ្សេងៗទៀត ដូចជា ចុះពិនិត្យមើលភ្លើងឆេះផ្ទះ២ខ្នង នៅភូមិថ្នល់ទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ផ្តល់កូនឈើប្រណិតចំនួន ៨០០ដើម ដល់សាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ពិនិត្យទីតាំងសុំកាយដី ដាក់លូរំដោះទឹក នៅឃុំខ្នាត ស្រុកពួក និងពិនិត្យផ្ទះពលរដ្ឋ១ករណី ដែលដួលរំលំដោយខ្យល់បក់ នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក។
សូមបញ្ជាក់ថា ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌ បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌ។
ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ក្នុងករណីគ្រោះថ្នាក់ធម្មជាតិ ដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុង តំបន់អង្គរ និងនាំយកអំណោយចែកជូនស្ត្រីទើបសម្រាលកូនជាដើម៕