(ក្រចេះ)៖ ជំទប់ទី២ ឃុំគោលាង ស្រុកចិត្របុរី ខេត្តក្រចេះ ម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក សេក ដុំ ជំទប់ទី២ ឃុំគោលាង ស្រុកចិត្របុរី ខេត្តក្រចេះ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
លោក សេក ដុំ បានបញ្ជាក់យ៉ាងថា «ខ្ញុំបាទកន្លងមកមានការច្រឡំអំពីគោលនយោបាយ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិថ្មីៗនេះ តាមរយៈវីដេអូឃ្លឹបរបស់ លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញយ៉ាងច្បាស់ពីអ្វីៗ ដែលជាការឃុបឃិត និងធ្វើតាមការរៀបចំរបស់បរទេស ដោយមិនគិតពីមហន្ដរាយដល់ប្រទេសជាតិ និងភាពសុខសាន្ដរបស់ប្រជាជនឡើយ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖