(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានគូសបញ្ជាក់ថា បើទោះបីជាច្បាប់គយថ្មីរបស់ថៃ ដែលនឹងហាមឃាត់មិនឲ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃត្រូវចូលជាធរមាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះយ៉ាងណាក្តី តែសម្រាប់ការដឹកទំនិញតាមផ្លូវគោកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសទី៣ ឬ ដឹកពីប្រទេសទី៣ ចូលមកកាន់ប្រទេសកម្ពុជា ត្រូវបានថៃអនុញ្ញាតឲ្យមានការដឹកជញ្ជូនជាធម្មតា រហូតដល់មានការចុះកិច្ចព្រមព្រៀងថ្មីស្តីពីការដឹកជញ្ជូនរវាងកម្ពុជា និងថៃ។

យោងតាមលិខិតរដ្ឋបាលគយថៃ ផ្ញើជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ បានគូសបញ្ជាក់ថា ទោះបីជាអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់មិនអាចចុះហត្ថលេខាមុនកាលបរិច្ឆេទច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលចូលជាធរមាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ដោយ ក៏រដ្ឋបាលគយថៃ នឹងចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីការបន្តប្រក្រតីភាពនៃប្រតិបត្តិការដឹកជញ្ជូនទំនិញពីប្រទេសទី៣ ឆ្លងកាត់ប្រទេសថៃ ដើម្បីនាំចូលមកកម្ពុជា និងជាការដឹកជញ្ជូនទំនិញរបស់កម្ពុជាឆ្លងកាត់ប្រទេសថៃ ដើម្បីនាំចេញទៅប្រទេសទី៣ រហូតដល់អនុស្សារណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងភាគីទាំងពីរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលហាមឃាត់មិនឲ្យមានការដឹកទំនិញតាមផ្លូវគោកឆ្លងកាត់តាមប្រទេសរបស់ខ្លួននោះ បានចូលជាធរមានហើយ។ ច្បាប់ថ្មី ក៏ក្លាយជាឧបសគ្គផងដែរ សម្រាប់អ្នករកស៊ីនៅកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ ចេញទៅកាន់ប្រទេសទី៣ ក៏ដូចជាការដឹកជញ្ជូនទំនិញពីប្រទេសទី៣ ចូលមកកាន់កម្ពុជា។

ទោះបីជាយ៉ាងណាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយរដ្ឋបាលគយថៃ កំពុងធ្វើអនុស្សារណៈយោគយល់រួមគ្នាមួយស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់។ តែអនុស្សារណៈនៃការយោគយល់នេះ មិនទាន់បានចុះហត្ថលេខានៅឡើយទេ ដោយសារភាគីថៃត្រូវការពេលវេលាបំពេញនីតិវិធីផ្ទៃក្នុង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ខ្លួននឹងប្រឹងប្រែងឲ្យអនុស្សារណៈនៃការយោគយល់ស្តីពីការដឹកជញ្ជូនឆ្លងកាត់រវាងប្រទេសទាំងពីរលេចចេញជារូបរៀងឲ្យបានឆាប់ ដើម្បីសម្រួលដល់អ្នករកស៊ីនៅកម្ពុជាក្នុងការដឹកជញ្ជូនទំនិងឆ្លងកាត់ប្រទេសថៃ ចេញពីកម្ពុជា ទៅកាន់ប្រទេសទី៣ ឬ ពីប្រទេសទី៣ ចូលមកកាន់ប្រទេសកម្ពុជា៕