(ភ្នំពេញ)៖ បន្ទាប់ពីកាសែត Phnom Penh Post បានធ្វើការដកស្រង់សម្ដីរបស់​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថា ការ​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​អនុញ្ញាត​ នៅថ្ងៃតុលាការកំពូលបើកសវនាការ កាត់ទោសរំលាយគណបក្សសង្គ្រោះជាតិនោះ, តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមច្រានចោលការដកស្រង់សម្ដីនេះទាំងស្រុង។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់​នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា លោកគ្មានសិទ្ធិទៅអនុញ្ញាតឲ្យធ្វើបាតុកម្មអ្វីនោះទេ ពោលគឺអ្នកដែលមានសិទ្ធិអនុញ្ញាត មានតែអាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។

ត្រង់ចំណុចដែលកាសែត Phnom Penh Post ដែលដកស្រង់ខុសនោះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ជាថ្មីយ៉ាងដូច្នេះថា «ខ្ញុំជានគរបាលជាអ្នកអនុវត្តច្បាប់ ហើយប្រទេសកម្ពុជាយើង ប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពច្បាប់យើងមិនមែនជាប្រទេសផ្ដាច់ការទេ ហើយចឹងកម្លាំងនគរបាលខ្ញុំ មិនមែនជាកម្លាំងផ្ដាច់ការ គឺនគរបាលគោរពច្បាប់ ចឹងអ្នកឯងចង់ធ្វើអីធ្វើទៅ ប៉ុន្ដែត្រូវតែត្រឹមត្រូវតាមច្បាប់ ប៉ុន្ដែបើខុសច្បាប់នគរបាលត្រូវអនុវត្តច្បាប់»

ដូច្នេះអ្វីដែលកាសែត Phnom Penh Post បានដកស្រង់សម្ដីរបស់លោកយកផ្សព្វផ្សាយនោះ ត្រូវបាននាយឧត្តមសេនីយ៍ឲ្យដឹងថា មិនបានត្រឹមត្រូវទៅតាមអ្វីដែលលោក បានផ្ដល់កិច្ចសម្ភាសន៍តាមទូរស័ព្ទនោះទេ៕