(ឧត្តរមានជ័យ)៖ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានស្រាវជ្រាវរហូតតាមចាប់ជនល្មើស ដែលតដៃជាមួយសមត្ថកិច្ច ដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់មន្ត្រីអាវុធហត្ថម្នាក់របួសជើង កាលពី២ថ្ងៃមុន ខណៈដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្ម នៅខេត្តកណ្តាល នាពេលកន្លងទៅ។
លោក ងួន រិទ្ធី មេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែង បានប្រាប់ Fresh News ថា កម្លាំងរបស់លោកបានចាប់ខ្លួនជនល្មើសបានហើយ ប៉ុន្តែមិនទាន់អាចប្រាប់លម្អិតបាននោះឡើយ ខណៈកំពុងដំណើរការតាមនីតិវិធីសិន។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទនប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួន នៅពេលតាមប្រមាញ់ឃើញជនសង្ស័យនៅចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
មន្ត្រីអាវុធហត្ថបានបន្ថែមថា ពេលសមត្ថកិច្ចអាវុធហត្ថ កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្សយ័គប់គ្រាប់បែកចំនួន០២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចអាវុធហត្ថ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបតរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។
បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ កើតឡើង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យតាមចាប់ជនល្មើសឲ្យខាងតែបាន៕