(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោង១៥៖០០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានទៅដល់តុលាការកំពូលហើយ ដើម្បីដាក់ភស្តុតាងសំខាន់ៗ៣បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ភស្តុតាងទាំងបីបន្ថែមនោះក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី គី តិច ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោកមេធាវី គី តិច ធ្លាប់បានបញ្ជាក់ថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕