(ភ្នំពេញ)៖ ម្ចាស់មេដាយមាស កម្រិតពិភពលោក ៣សម័យផ្នែកកីឡាប៉េតង់ វិរកីឡាការិនី កែ ឡេង នឹងធ្វើដំណើរមកដល់កម្ពុជានាម៉ោង ១១៖១៥នាទីយប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយការពារមេដាយមាសបានសម្រេចក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានចិនធ្វើម្ចាស់ផ្ទះ មាន ៤៣ប្រទេសចូលរួម។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាការិនីទាំង ៤រូបរួមមាន កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងមាតុភូមិនិវត្តន៍មកដល់កម្ពុជានៅម៉ោង ១១៖១៥នាទីយប់នេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការក្នុងទីក្រុង Kaihua ប្រទេសចិនកាលពីថ្ងៃទី៨-១២ ខែវិច្ឆិកា។
សូមរំលឹកផងដែរថា វិរកីឡាការិនី កែ ឡេង បានផ្តួលកីឡាការិនីជើងខ្លាំងថៃដោយពិន្ទុ ៤៣ ទល់នឹង ៣៨ នៅវគ្គផ្តាច់ព្រ័ត្រផ្នែកវិញ្ញាសាវាយយកពិន្ទុឯកត្តជន ដើម្បីឈ្នះមេដាយមាសកម្រិតពិភពលោកជាលើកទី៣ ក្រោយឈ្នះដំបូងឆ្នាំ២០១៣ នៅបារាំង និងលើកទី២ ឆ្នាំ២០១៥ ថៃ មុនចាប់ដៃគូវាយ ៣នាក់ទល់នឹង៣នាក់ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្រោយចាញ់ក្រុមកីឡាការិនីបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី១២ វិច្ឆិកា៕