(ត្បូងឃ្មុំ)៖ លោកស្រី ប៉ែន ឆដា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះ លោកស្រី ប៉ែន ឆដា បានថ្លែងថា ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចគឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរជំរុញសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានលឿន និងទាន់ពេល។
លោកស្រី ប៉ែន ឆដា បានបន្តថា ដើម្បីសម្រេចភារកិច្ចនេះ ឲ្យបានល្អមន្ទីរ ត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តដោយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធជាពិសេសអាជ្ញាធរដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិតជារួមគ្នាសម្រេចរាល់កិច្ចការដែលរាជរដ្ឋាភិបាល បានប្រគល់ជូនដោយអនុវត្ត ឲ្យបានជាស្ដែងនូវការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តតាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ»។
លោក លី ឡេង ក៏បានចូលរួមអបអរសាទរជាមួយលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែងនាថ្ងៃនេះ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ សម្រេចបាននូវលទ្ធផលការងារបានយ៉ាងល្អ នាពេលកន្លងមក ។
លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំថ្មី បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលគោរព និងខិតខំអនុវត្តកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលាជូនដល់ប្រជាពលរដ្ឋ,និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕