(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក អ៊ុន ណារិទ្ធ សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
លោក អ៊ុន ណារិទ្ធ បានបញ្ជាក់យ៉ាងថា «ពីមុនខ្ញុំបាទនឹកស្មានមិនដល់ថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីខ្ញុំបាទបានដឹងព័ត៌មាន និងសកម្មភាពជាក់ស្ដែង គឺការញុះញង់បំបែកបំបាក់ជាតិខ្មែរយើង។ ជាក់ស្ដែងគឺ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាច មិនគិតពីមហន្ដរាយដល់ជាតិមាតុភូមិជាទីស្នេហានៃយើង ដែលទង្វើទាំងនេះ គឺជាអំពើក្បត់ជាតិមិនអាចប្រកែកបាន»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖