(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំជាប្រចាំរបស់ ប្រធានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ លើការការពារសុខុមាលភាពប្រជាជន និងសុវត្ថិភាពម្ហូបអារហារ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ទីពាណិជ្ជកម្ម បានចុះអង្កេត និងពិនិត្យទំនិញរកសារធាតុគីមី នៅផ្សារសារឿនយ៉ានី ខណ្ឌដង្កោ។
លោក គង់ វុទ្ធី បានឲ្យដឹងថា សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុះផ្សារសារឿនយ៉ានី បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច និងយកគំរូដូចជា គុយទាវ មី ប្រហិត បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងជ្រក់ បញ្ជូនមកពិសោធន៍នៅរថយន្តចល័តភ្លាមៗ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការនោះ ក្រុមការជំនាញបានរកឃើញកាកសំណល់ថ្នាំសំលាប់សត្វល្អិត នៅក្នុងផ្កាគូឆាយ ដូច្នេះក្រុមការងារបានសម្រេចដកហូត យកទៅដុតបំផ្លាញចោល និងបានអញ្ចើញម្ចាស់ទីតាំងលក់ផ្កាគូឆាយនោះ ទៅធ្វើកិច្ចសន្យាបញ្ចប់ការលក់ទំនិញមានជាតិគីមី ។
លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕