(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារចំនួនពីរផ្សារ ស្ថិតនៅផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។

មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងឱកាសចុះពិនិត្យគុណភាព នៅផ្សារប្រឡាយនៅក្នុង ស្រុកស្ទោង គឺបានរកឃើញ ផលិតផលខូចគុណភាព ដែលបានដកហូតរួមមាន៖ ចាហួយដូង ម៉ាក Than Binh ចំនួន១៥កេស ទឹកក្រូច ម៉ាក Mirinda ១កេស ទឹកក្រូច ស្រាបៀ ១៧កេស ទឹកក្រូច Big ចំណុះ៣,១ L ផលិតនៅប្រទេសថៃ ចំនួន៦៣ដប កំទេចមី ចំនួន៣៨កញ្ចប់ នំកញ្ចប់៣៦កញ្ចប់ នំម៉ាកកុក៧៥កញ្ចប់ ទឹកក្រូច ម៉ាកNaturo ចំនួន៦ដប ។ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។

ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើ ប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួស កាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕