(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងជំរុញឲ្យប្រជាពលរដ្ឋ មកពិនិត្យព្យាបាលជំងឺភ្នែក ឲ្យបានគ្រប់ៗគ្នា ពិសេសក្នុងឱកាសពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលមានជំងឺភ្នែក ជំងឺមាត់ធ្មេញ និងជំងឺសើស្បែករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកានេះ ដោយមានការសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសកូរ៉េ និងសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងសមាគមចក្ខុខ្មែរ ក្រោយការជួយឧបត្ថម្ភពីធនាគារភ្នំពេញពាណិជ្ជ (PPC Bank)។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា «យើងបានចាត់វិធានការណ៍រួចជាស្រេច ក្នុងការលុបបំបាត់ជំងឺពិការភ្នែកនៅកម្ពុជា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ខណៈដែលកម្ពុជាយើង ទទួលបានជោគជ័យ ក្នុងការលុបបំបាត់ជំងឺត្រាក់កូម ដែលនាំឲ្យងងឹតភ្នែក។ ដូចនេះ យើងនឹងបន្ដខិតខំប្រឹងប្រែង ជាមួយដៃគូពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបានទៅតាមគោលដៅរបស់យើង ដោយមានកម្មវិធីចុះផ្សព្វផ្សាយអប់រំផ្សេងៗដល់ប្រជាពលរដ្ឋ និងមានការពិនិត្យព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដូចថ្ងៃនេះចឹង គឺមានពិនិត្យព្យាបាលភ្នែ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះអង្គឌួង និងយុទ្ធនាការផ្សេងៗទៀត» ។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរពេទ្យព្រះអង្គឌួង លោកវេជ្ជបណ្ឌិត លូ លីឃាង បានថ្លែងថា «សម្រាប់ការពិនិត្យព្យាបាល ដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃនេះ ខាងដៃគូសហការ ទទួលការពិនិត្យវះកាត់ ចំនួនតែ១៨០ករណីតែប៉ុណ្ណោះ តែបើតាមការសង្កេតមើល បានឲ្យដឹងថា រយៈពេល២ថ្ងៃ អ្នកមកពិនិត្យ ប្រហែលជាជិត២,០០០នាក់ ដូច្នេះចំនួននៃការវះកាត់ ក៏មានកើនឡើង តាមនឹងដែរ តែទោះបីជាលើសការគ្រោងទុករបស់ដៃគូសហការយើងក៏ដោយ ក៏យើងនៅតែបន្ដធ្វើការវះកាត់ជូនប្រជាពលរដ្ឋ បើក្រីក្រ យើងនឹងមិនយកលុយទេ ហើយយើងនឹងធ្វើការវះកាត់ តាមរយៈការពិនិត្យតាម មូលនិធិសមធម៌ របស់រាជរដ្ឋាភិបាល ដែលយើងធ្លាប់ធ្វើកន្លងមកផងដែរ»។
លើសពីនេះ លោកវេជ្ជបណ្ឌិត បន្ថែមថា «យើងនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមលុបបំបាត់ជំងឺពិការភ្នែក នៅកម្ពុជាឲ្យបាន១០០% ក្នុងឆ្នាំ២០២០ខាងមុខនេះ តាមគោលដៅរបស់ក្រសួងសុខាភិបាល ពិសេសយើងមានកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជាច្រើនទៀត សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ប្រជាជនពលរដ្ឋយើង យ៉ាងយកចិត្ដទុកដាក់ ទាំងបងប្អូនប្រជាពលរដ្ឋយើង មកព្យាបាលតាមរយៈបេឡាជាតិសន្តិសុខសង្គម និងជាប្រជាជនក្រីក្រ គឺយើងពិនិត្យព្យាបាលថែរក្សា ឲ្យបានយ៉ាងងល្អ ទៅតាមតួនាទីរបស់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ ពិសេសសម្រាប់ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស គឺយើងមិនដែលយកថវិកានោះឡើយ»។
ព្រមជាមួយគ្នានេះ លោកតា ណន មកពីខេត្ដព្រៃវែង បានថ្លែងថា «យើងពីរនាក់តាមយាយសប្បាយរីករាយណាស់ ដែលមកពិនិត្យព្យាបាលភ្នែក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលនេះបានជួយការលំបាករបស់ខ្ញុំ ព្រោះមិនសូវមានបច្ច័យដែរ ហើយបើមានលើកក្រោយខ្ញុំនឹងមកទៀត»។
គួររម្លឹកថា នេះមិនមែនជាលើកទី១ទេ ដែលមន្ទីរពេទ្យព្រះអង្គឌួង ផ្ដល់ជូននូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដោយការយកចិត្ដទុក កន្លងមកនេះ៕