(ភ្នំពេញ)៖ ដោយមានកិច្ចសហការរវាងវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក របស់ចិន និងវិទ្យាស្ថានសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុរបស់កម្ពុជានោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី «ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន» ដោយយកតាមបទពិសោធន៍របស់ចិន ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ​នៃរាជរដ្ឋាភិបាល កម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត LU WENBIN អគ្គនាយករង វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន។ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃរហូតមកដល់សព្វថ្ងៃនេះ គឺបានពីការចូលរួមចំណែកដ៏សំខាន់ពីទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន។

លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ដែលបានសហការជាមួយវិទ្យា-ស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជូនដល់មន្ត្រីរាជការកម្ពុជា។

ពាក់ព័ន្ធការងារកសាង និង អភិវឌ្ឍសមត្ថភាព លោកបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ប្រទេសចិនបាននិងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្មតាមរយៈកម្មវិធីផ្តាស់ប្តូរទស្សនកិច្ចសិក្សា ដែលបានផ្តល់ឱកាសឱ្យមន្ត្រីរាជការកម្ពុជាជាច្រើនបានទៅស្វែងយល់ និង ដកស្រង់បទពិសោធន៍នៅប្រទេសចិន។

ក្នុងនោះតាំងពីឆ្នាំ ២០១១ មក, វិទ្យាស្ថាន ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍-ប៉ាស៊ីភិច តែងបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកសាងសមត្ថភាពជូនមន្ត្រីរាជការកម្ពុជា លើមុខជំនាញពាក់ព័ន្ធការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ និង កំពុងបន្តរហូតមក ។

លោករដ្ឋលេខាធិការ បានលើកឡើងផងដែរថា កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ ដែលនេះជារបត់ថ្មីមួយរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងកិច្ចម្ចាស់ការក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ខ្លួន។ ក្នុងស្មារតីនេះ កម្ពុជាបានរៀបចំឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និង វិស័យ ឯកជន  (Public-Private Partnership)  សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និង ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយជំរុញចូលរួមការវិនិយោគពីវិស័យឯកជន និង ស្ថាប័នហិរញ្ញវត្ថុ ក្នុងការស្តារ, កសាង និង ប្រតិបត្តិការថែទាំហេដ្ឋា-រចនាសម្ព័ន្ធ សាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និង បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា​ទាំងក្នុងតំបន់ និង សកលលោក ។

ក្នុងន័យនេះ លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាក៏កំពុងមានសេចក្តីត្រូវការក្នុងការស្វែងយល់បន្ថែមនូវឧត្តមានុវត្តន៍ និង ការផ្លាស់ប្តូរ​បទពិសោធន៍ជាអន្តរជាតិ ក្នុងការអនុវត្តលើភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថាមពលជាដើម សម្រាប់​​​ចូលរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដូច្នេះការបណ្តុះ​បណ្តាល និង កសាងសមត្ថភាពធនធានមនុស្សលើយន្តការគ្រប់គ្រង, រៀបចំ និង ប្រតិបត្តិលើភាពជាដៃគូ​រវាងរដ្ឋ និង វិស័យឯកជន គឺជាការងារចាំបាច់មួយ ដើម្បីឤចនឹងពង្រីក​នូវវិសាលភាព និង ធានាបានគុណភាពនៃសេវាសាធារណៈ និង ការលើកកម្ពស់សុខុមាលភាពសង្គម។

លោករដ្ឋលេខាធិការបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យធ្វើការផ្លាស់ប្តូរគំនិតយោបល់ និង ទស្សនៈផ្សេងៗសំដៅស្រូបយកចំណេះដឹង និងបទពិសោធន៍ ដែលពាក់ព័ន្ធនឹង ការអនុវត្តភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជននៅប្រទេសចិន,  បទពិសោធន៍នៃទំនាក់ទំនងនៃគោលនយោបាយសារពើពន្ធជាមួយនឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននៅប្រទេសចិន ជាដើម  ដែលនឹងមានប្រយោជន៍សម្រាប់ការអនុវត្តនៅកម្ពុជា សម្រាប់ចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅ​របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈថ្មីៗនេះ ចិនប្តេជ្ញាអភិវឌ្ឍន៍ប្រទេសឱ្យក្លាយទៅជាកំពូលប្រទេសសង្គម​និយម​ទំនើប នៅពាក់​កណ្ដាលសតវត្សរ៍ទី២១ ខាងមុខនេះ៕