Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីហ្វីលីពីន

13-11-2017 13:30

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

តាម Page Facebook របស់សម្តេច បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងនេះ ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកស្រី។

ជាមួយគ្នានេះ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗ លើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។

ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនិមួយៗ ជូនគណៈប្រិភូទស្សនាផងដែរ។

សម្រាប់កម្មវិធីថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំចំនួន០៩ផ្សេងទៀត បន្ទាប់ពីពិធីបើកកិច្ចប្រជុំអាស៊ានលើកទី៣១។ ហ្វេសប៊ុកសម្ដេចតេជោ នឹងផ្សាយជូនព័ត៍មាននៃកិច្ចប្រជុំកំពូលនេះជូនបងប្អូន ប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់ទៀត៕