(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំលោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រីខណ្ឌ និងប្រធានគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ លោក សុខ សម្បត្តិ រួមនិងមន្ត្រីយុវជន-សកម្មជនគណបក្សខណ្ឌ-សង្កាត់ បានពាំនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ដើម្បីចុះជួបសួរសុខទុក្ខ សំណេះសំណាលចែកដោយផ្ទាល់ ជូនចំពោះប្រជាពលរដ្ឋក្រីក្រ ជាកម្មករ-កម្មការិនីប្រមាណជា២១០គ្រួសារ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងពិធីជួបសួរសុខទុក្ខ សំណេះសំណាលខាងលើនេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា បាននាំយកនូវ មី ទឹកក្រូច៤២០កំប៉ុង ត្រីខ៤២០កំប៉ុង ទឹកស៊ីអ៊ីវ២១០ដប ទឹកត្រី២១០ដប ស្ករស១០៥គីឡូក្រាម តែ២១០កញ្ចប់ ជាមួយថវិកា ដែលចំណាយលើការពិសារទឹកអំពៅរួមគ្នាចំនួន (២,១១០,០០០រៀល) និងចែកជូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី ចំនួន២១០គ្រួសារ និងឆ្លៀតឱកាសជួបសួរសុខទុក្ខឧបត្ថម្ភថវិកាជូន កញ្ញា ផាន់ សោភា អនុប្រធានយុវជន សង្កាត់ស្វាយប៉ាក ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅផ្ទះ ចំនួន៤០០,០០០រៀល ដោយសរុបជាសាច់ប្រាក់ស្មើនិង (៣,២១៨,៤០០រៀល)។
លោក ជា ពិសី បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ឈ្នួលជូន កម្មករ-កម្មការិនីដល់ទៅ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ខាងមុខ រួមនិងទិញផ្លូវស្ពាន លីយ៉ុងផាត់ និងផ្លូវឡើងរមណីដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ បានដាក់ជាសម្បត្តិរដ្ឋ និងបានដាក់ជូនឲ្យប្រើប្រាស់ឆ្លងកាត់ ដោយមិនបាច់បង់ប្រាក់ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែតុលា ខាងមុខតទៅ ដែលជាអត្ថប្រយោជន៍ដ៍ធំធេងមួយសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប ពិសេសសម្ដេចតេជោ បានស្នើទៅម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលដាច់ខាត សូមកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសសម្រាប់កម្មការិនី ដែលឆ្លងទន្លេ «សម្រាលបានកូន១» និងទទួលបានថវិកា៤០ម៉ឺនរៀល «សម្រាលកូនភ្លោះ២» និងទទួលបានថវិកា៨០ម៉ឺនរៀល «តែបើសម្រាលបានកូនភ្លោះ៣» និងទទួលបានថវិកា១លាន២០ម៉ឺនរៀល ពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះក្មេងៗទាំងនោះ ជាកូនរបស់សម្ដេច ហើយអាចសម្រាកបានរយៈពេល៣ខែ និងទទួលបានប្រាក់ខែដល់ទៅ១២០ភាគរយ សម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃថែមទៀត។
លោក ជា ពិសី បានថ្លែងទៀតថា លើសពីនេះសម្ដេចតេជោ បានសម្រេចទិញយកត្រឡប់មកវិញនូវស្ពានឆ្លងកាត់ដៃសមុទ្រ ក្នុងខេត្តកោះកុងទៅប្រទេសថៃ ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយ ពុំចាំបាច់ បង់ថ្លៃចាប់ពីម៉ោង០០,០០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងការអបអរសាទរព្រះរាជពិធីបុណ្យ អ៊ំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលកន្លងទៅ។
លោកអភិបាលបន្តថា លើសពីនេះទៀត សម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រចំណងជើង២ ចុងខ្សែ៥ យ៉ាងដូច្នេះថា ទី១-សន្តិភាព ទី២-អភិវឌ្ឍន៍។ ដោយចុងខ្សែទី១-គឺរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ចុងខ្សែទី២-គឺរួមគ្នាថែរក្សា ការងារដែលកំពុងមាន និងបង្កើតការងារថែមទៀត ដើម្បីកូនចៅរបស់យើង ចុងខ្សែទី៣-គឺបង្កើនចំណូល បន្ថយចំណាយ មិនយកពន្ធលើប្រាក់ឈ្នួល ក្រោម១លានរៀល និងយកចិត្តទុកដាក់កំណត់ថ្លៃថាមពលអគ្គីសនី និងទឹក ចុងខ្សែទី៤-គឺខិតខំ កសាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយជិត និយោជក ត្រូវទទួលបង់ប្រាក់របបថែរក្សា សុខភាព១០០% ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ និងផ្ដល់ប្រាក់របបមាតុភាព១២០% រយៈពេល៣ខែ ហើយនិងខិតខំកសាង មន្ទីរពេទ្យបង្អែកនៅ ជិតរោងចក្រ សហគ្រាស និងបំពាក់សម្ភារបរិក្ខាគ្រប់គ្រាន់។
រោងចក្រសហគ្រាសនីមួយៗ ត្រូវគិតគូររៀបចំគិលានដ្ឋានផ្ទាល់ ដើម្បីពិនិត្យព្យាបាលជម្ងឺកម្មករនិយោជិត ចាប់តាំងពីខែសីហា ឆ្នាំ២០១៧នេះ។ រយៈពេល២ឆ្នាំ កម្មករនិយោជិត មានសិទ្ធិជិះរថយន្តរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ ពិសេសចាប់ពីឆ្នាំ២០១៩ទៅ នឹងដាក់ឲ្យអនុវត្តរបបសោធននិវត្តន៍ កម្មករ និងយោជិត និងចុងខ្សែទី៥-គឺយកចិត្តទុកដាក់ចំពោះ ពលករ ចំណាកស្រុកធ្វើការនៅបរទេស។
លោកអភិបាលខណ្ឌបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែខ្វល់ខ្វាយ គិតគូរ ពីសុខទុក្ខ រាល់ការខ្វះខាតរបស់ ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូប ពិសេសសម្ដេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ក្នុងការទាក់ទាញយកវិនិយោគទុន ពីក្រៅប្រទេស ចូលមកក្នុងប្រទេស បង្កើតបានជារោងចក្រ សហគ្រាសតូច-ធំ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ខែល្អប្រសើរ ហើយក៏មានការដំឡើងប្រាក់ខែជា បន្តបន្ទាប់ ដោយខុសគ្នា ពីគណបក្សសង្គ្រោះជាតិ ដែលចេះតែញុះញង់បោកប្រាស់ និងបានព្យាយាមប្រាប់ទៅបរទេស ឲ្យផ្ដាច់ជុំនួយពីកម្ពុជាទៅវិញ ដូច្នេះដាច់ខាត សូមប្រជាពលរដ្ឋ ជាកម្មករ កម្មការិនីទាំងអស់ កុំជឿតាមការ គណបក្សសង្គ្រោះជាតិ តទៅទៀត ពីព្រោះសព្វថ្ងៃយើងទទួលបាននូវសុខសន្តិភាព ពេញបរិបូរហើយ ទើបយើងមានការវិនិយោគ ហើយក៏មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស្ស័យដូចសព្វថ្ងៃបែបនេះបាន៕